Ad Code

ដើរ​ឆ្លុះ​សត្វ​តាម​បន្ទាត់​ព្រំដែន ជាន់មីន​ស្មាច់ ដាច់​ជើង​ទាំងសងខាង



បាត់ដំបង ៖ យុវជន​រងគ្រោះ​ម្នាក់ បាន​រងរបួស​រហូត​ដាច់​ជើង​ទាំងសងខាង​គួរអោយ​សង្វេគ​ជាទីបំផុត បន្ទាប់ពី​យុវជន​រូបនេះ​ ​​ដើរ​រុករាន​ព្រៃ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ ហើយក៏​បាន​ជាន់​ទៅលើ​គ្រាប់​មីន​ដែល​គេ​សង្ស័យថា​អាច​សល់​ពី​សម័យ​សង្គ្រាម បណ្តាលអោយ​ផ្ទុះឡើង​ដាច់​ជើង​ដល់​ក្បាលជង្គង់​តែម្តង។​

លោក​អនុសេនីយ៍ឯក ម៉ី ណាន់ នាយប៉ុស្តិ៍​តំបន់ ៤០០ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ៨ និង ១៥ នាទី យប់ មាន​សំឡេង​ផ្ទុះ​គ្រាប់មីន ចំនួន ១ គ្រាប់ ត្រង់ចំណុច​ខាងជើង​ផ្ទះ​ខៀវ ក្នុងភូមិ​សាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​ប៉ុស្តិ៍ តំបន់ ៤០០ ដែលមាន​ចម្ងាយ​ពីក្រោយ​ប៉ុស្តិ៍ ប្រមាណ ៦ គីឡូម៉ែត្រ ក្នុង​ទឹកដី​ស្រុក​សំឡូត ខេត្តបាត់ដំបង ​​បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ផងដែរ។

​ក្រោយពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​បាន​ប្រទះឃើញ​យុវជន​ម្នាក់​ឈ្មោះ​ឡាយ ហៀ​ង អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត កំពុង​ដួល​ដេក​ក្នុង​ថ្លុកឈាម ដោយ​ជើង​របស់គេ​ទាំង ២ ត្រឹម​ក្បាលជង្គង់​សល់​តែ​ឆ្អឹង​ប៉ុណ្ណោះ ដោយសារតែ​គេ​បាន​ដើរ​ជាន់​ទៅលើ​គ្រាប់​មីន​។​

​បើតាម​ការ​អោយដឹងពី​ក្រុមគ្រួសារ សាច់ញាតិ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ បានធ្វើ​ដំណើរ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​គោលបំណង​ដើរ​ឆ្លុះ​សត្វ ហើយក៏​បាន​ជាន់​ទៅលើ​គ្រាប់មីន​នេះ​តែ​ម្តង បណ្តាលអោយ​ផ្ទុះឡើង និង​ធ្វើ​អោយ​ជើង​របស់​គេ​ទាំង​២ ដាច់​គ្មាន​សល់។​

​ប៉ុន្តែ​បើតាម​ប្រភព​ផ្សេងទៀត​បាន​និយាយថា ការរង​គ្រោះ​នេះ ដោយសារតែ​ពលរដ្ឋ​ខាងលើ​ចេះតែ​ចូលទៅ​កាប់ឆ្ការ និង​រាន​យក​ដី​ដើម្បី​ធ្វើ​ចម្ការ នៅលើ​ដី​ ដែល​បន្សល់​ដោយ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដូច្នេះ​ហើយ​បានជា​ធ្វើ​អោយគេ​ជាន់​ទៅលើ​គ្រាប់មីន​តែម្តង។​

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ហើយ ដោយ​មិនទាន់​ដឹងថា រហូតមកទល់​នឹង​ពេលនេះ គេ​មាន​អាកា​រៈ​ធូរស្បើយ​ហើយ ឬក៏​យ៉ាងណា​នោះទេ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu