ប្រដាល់ ៖ មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Mongkul Phat នាយប់ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀន Ganzberg Top Fighter របស់ SEATV។
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច និង Mongkul Phat នេះ ពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក ។ ដូច្នេះការជួបគ្នាលើកនេះ គឺជាការជួបលើកដំបូងរបស់ពួកគេទាំងពីរនេះ។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ មឿន សុខហ៊ុច ឥឡូវនេះមិនដូចពីមុនទេ។ គេមានការវិវត្តន៍ខាងក្បាច់គុនច្រើន គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់ទៀត ឃើញថា គេខ្លាំង និងល្អជាងមុន។ សុខហ៊ុច មានប្រវត្តិប្រកួត១៤៩លើក ឈ្នះ១២២លើក ចាញ់២២លើក និងស្មើ០៥លើក ហើយសុខហ៊ុច ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ជាច្រើននាក់។
មឿន សុខហ៊ុច ពេលនេះត្រូវគេផ្គូផ្គងឲ្យជួបជាមួយ Mongkul Phat ដែលជាជើងខ្លាំងម្នាក់នៅស្រុកថៃ ។ Mongkul Phat មិនធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរនោះទេពីមុនមក។
បើតាមប្រវត្តិរបស់អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំង ដែលមានស្នៀតប្រដាល់ល្អ និង ខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេក៏គួរសមដែរ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៧លើក ចាញ់១១លើក មិនដែលស្មើ។
ចាំមើល ការប្រកួតលើកនេះជាមួយ Mongkul Phat មឿន សុខហ៊ុចអាចយកឈ្នះបាន ដែរឬអត់?។សុខហ៊ុច ប្រកួតជាមួយថៃលើកចុងក្រោយនេះ បានយកឈ្នះKhum Phit ដោយពិន្ទុ។
ធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះ Mostafa Delikhoun ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
តុងហ៊ី គេជាជើងខ្លាំងជើងចាស់ ដែលមានបទពិសោធន៍យូរឆ្នាំហើយ ក្នុងការប្រកួតលើសង្វៀន ដោយគេមានកណ្ដាប់ដៃល្អ ជើងទាត់ ក៏ខ្លាំង ហើយវាយចេញចូលរហ័ស ហើយស្នៀត ជង្គង់ កែង ក៏ល្អថែមទៀត។ អ្នកប្រដាល់រូបនេះ គេមានប្រវត្តិប្រកួតចំនួន១០៦លើក ឈ្នះ៨២លើក ចាញ់២១លើក និងស្មើ០៣លើក។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា ធី តុងហ៊ី ជួបសំណាងល្អ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Mostafa នេះឡើយ? ចាំមើល ធី តុងហ៊ីអាចយកឈ្នះ Mostafa បានឬអត់ សម្រាប់ជំនួបលើកនេះ?។
Mostafa ជាលើកទី១របស់គេហើយ ដែលមកប្រកួតនៅស្រុកខ្មែរ។ អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ គេជាអ្នកប្រដាល់ហ្វឹកហាត់នៅស្រុកថៃ។ គេមិនធ្លាប់មកប្រកួតនៅភ្នំពេញទេកន្លងមក។ បើតាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEA-TV ឲ្យដឹងថា អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ មានកំណត់ត្រាប្រកួតតែចំនួន៤១លើកប៉ុណ្ណោះ ក្នុងនោះ ឈ្នះ៣៤លើក និងចាញ់០៧ មិនដែលស្មើ៕
Source: Kampuchea Thmey Daily
0 Comments