Ad Code

ស៊យ​អស់​លេខ ឆក់​កាបូប​ស្ត្រី​អ្នកលក់​ស្រា​ប៊ៀ មិនបាន​សម្រេច ដួល​ម៉ូតូ ប៉ូលិស​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់



ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​រួមគ្នា​ស្ទាក់​ចាប់​បាន ហើយ​បាន​ប្រគល់​ជូន​ប៉ូលិស​ខណ្ឌ​ទួលគោក​ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ​​ខណៈ​ដែល​យុវជន​ម្នាក់​នេះ​ និង​បក្ខពួក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​អ្នកលក់​ស្រាបៀរ​ មិនបាន​សម្រេច ហើយ​បាន​បណ្តាលអោយ​ដួល​ម៉ូតូ ទើប​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ប្រគល់​អោយ​ប៉ូលិស​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​គេចខ្លួនបាត់។

ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​វេលា​ម៉ោង​២២​និង​៣០នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​​ធ្នូ​ ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ​ផ្លូវ​ម៉ៅ​សេទុង​ក្រុម​៣០ ​ភូមិ​១១​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ​ដួង​.​ករ​ណា​ ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​ស្រា​បៀរ​កម្ពុ​ជា​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤២​ ភូមិ​ទ្រា​២.​ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ ឡា ភេទ​ប្រុស ​អាយុ​ប្រហែល​២០​ឆ្នាំ ​ពុំ​ស្គាល់​អាសយដ្ឋាន​ ជា​អ្នក​បើក​ម៉ូតូ ​បាន​រត់​គេចខ្លួនបាត់ (​ស្គាល់​នៅ​កោះ​ពេជ្រ​)​។ ២-​ឈ្មោះ​ផេ​ន​.​សៀវ​លី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ម្តុំ​ផ្សារ​ស៊ីត​នី​ផ្លូវឌឿងហែម ​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ​។​

សម្ភារៈ​ដកហូត​រួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក​C១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៨​ពាក់​ស្លាក​លេខ​
1DH3636​ភ្នំពេញ ដែល​មាន​លេខ​តួ​ និង​​ម៉ាស៊ីន ៥៣១៤៣០៩(​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​។ កាបូប​ស្ពាយ​ពណ៌​ក្រហម ចំនួន​០១ (​ជា​របស់​ជនរងគ្រោះ​)

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​បាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​២២​និង​២០​នាទី ​ជនរងគ្រោះ ​បាន​ជិះ​ម៉ូតូ​ចេញពី​លក់​ស្រាបៀរ​នៅ​ហាង​ហ្គោ​ថេ​ស សង្កាត់​ទឹកល្អក់​១​ ដោយមាន​អ្នកធ្វើការ​ជាមួយគ្នា​ម្នាក់ទៀត​ឈ្មោះ​ខុម ជា​អ្នក​ឌុប គោលបំណង​ទៅផ្ទះ។ ជនរងគ្រោះ​អង្គុយ​ខាងក្រោយ​ស្ពាយ​កាបូប នៅពេល​ជិះ​មកដល់​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨​ផ្លូវ​២៤៥ ក្រុម​៣០​ភូមិ​១១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ស្រាប់​តែមាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​១២៥​ខ្មៅ ជិះ​ពីរ​នាក់​មក​អែប​ខាងឆ្វេង​ដៃ​ម៉ូតូ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​ជនរងគ្រោះ។ ពេលនោះ​ជនរងគ្រោះ​ក៏​ចាប់ទាញ​មកវិញ បណ្តាលអោយ​ដួល​ម៉ូតូ។ នៅពេល​ជនសង្ស័យ​ព្យាយាម​រត់គេច​ជនរងគ្រោះ​ក៏បាន​ស្រែក​អោយ​អ្នករួមដំណើរ​ជួយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ រួមទាំង​វត្ថុតាង​បញ្ជូនមក​ប្រគល់អោយ​នគរ​បាល​ប៉ុស្ដិ៍​បឹង​សាឡាង។ ចំណែក​ម្នាក់ទៀត​គេចខ្លួន​បាត់ស្រមោល​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu