កំពង់ឆ្នាំង ៖ រូបសំណាករឹទ្ធីសែន នាងកង្រី ដែលបានកសាងឡើងជាថ្មីធំជាងមុន ដោយមានទីតាំងស្ថិតនៅក្នុងសួនច្បារ មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅជិតវិមានឯករាជ្យកណ្ដាលទីក្រុងកំពង់ឆ្នាំង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះហើយ។
នៅក្នុងពិធីសម្ពោធរូបសំណាកខាងលើនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីក្រុងពាលី និមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត ទេសនា និងរាប់បាត ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសិរីសួស្ដី សុំពរជ័យ និងសេចក្ដីសុខចំរើនពីម្ចាស់ទឹកម្ចាស់ទឹកដី ដែលថែរក្សាទឹកដីនៅក្នុងខេត្តកំពង់ឆ្នាំង និងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសុំឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរមានសេចក្ដីសុខ ប្រទេសជាតិមានសុខសន្តិភាពជាអមតៈរហូតតទៅ។
លោកម៉ុន វុត្ថា មន្ត្រីគណនេយ្យសាលាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា រូបសំណាករិទ្ធីសែននាងកង្រីនេះ ត្រូវបានកសាងឡើងជាថ្មី ធំជាងរូបសំណាកចាស់ ដោយបានចំណាយថវិកាអស់ជាង៤ម៉ឺនដុល្លារ គឺជាថវិកាវិនិយោគរបស់ដរទទឹង ភូមិកំពង់ក្តារ ឃុំច្រេស ស្រុកកំពង់ត្រឡាច។ ការកសាងរូបសំណាកនេះឡើង ក្នុងគោលបំណង ថែរក្សានូវប្រពៃណីវប្បធម៌ខ្មែរ ដែលរូបសំណាករិទ្ធីសែននាងកង្រីនេះតំណាងឲ្យរឿងព្រេងនិទានរបស់ខ្មែរ នៅក្នុងទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងពីបុរាណកាលមក ដើម្បីទុកឲ្យកូនចៅប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយបានដឹងបានឮ និងរួមគ្នាថែរក្សានូវប្រពៃណីវប្បធម៌របស់ខ្មែរឲ្យបានគង់វង្សរហូតតទៅ។
នៅក្នុងពិធីសម្ពោធនេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងការជួយអភិវឌ្ឍន៍ ជួយអភិរក្ស ថែរក្សាវប្បធម៌ជាតិ ដោយឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល សូមរួមគ្នាជួយរក្សាការពារ និងជួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរកុំឲ្យបាត់បង់ ទុកជូនកូនចៅជំនាន់ក្រោយ ជួយរក្សាការ ពារជាបន្តបន្ទាប់ទៀត។
ដោយឡែក ការកសាងរូបសំណាកនេះ ក៏ជានិមិត្តសញ្ញាសំគាល់របស់ខេត្តកំពង់ឆ្នាំង( ជាទឹកដីកង្រីស្មោះនឹងស្នេហ៍ ស្មោះនឹងស្វាមី សុខចិត្តក្ស័យ ដើម្បីបញ្ជាក់ការពិត ) ហើយក៏ជាការលើកនូវសោភ័ណភាពក្នុងខេត្តកំពង់ឆ្នាំង ដើម្បីទាក់ទាញភ្ញៀវក្នុងវិស័យទេសចរណ៍ និងក៏ដើម្បីអបអរសាទរ ការទទួលធ្វើបុណ្យទន្លេរបស់ជាតិ នៅក្នុងក្រុងកំពង់ឆ្នាំង នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments