ពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀងឈ្មោះថា «ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានស្វែងរកឃើញក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ដំណើរប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វគ្គ៨ក្រុមចុងក្រោយ ក៏ដូចជាវគ្គ១៦ក្រុម,វគ្គ៣២ក្រុមនិងវគ្គចែកពូល ជាដើម។
ពានរង្វាន់ Svay Rieng Cup ឆ្នាំនេះមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នានៅកីឡដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ ក្រុមដែលមានកៅអីឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនោះគឺ ក្រុមអធិការនគរបាលក្រុងបាវិត ប៉ះ ក្រុមស.ស.យ.ក ក្រុងស្វាយរៀង នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខណៈក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព័ត្រគឺក្រុមសុភក្តិម៉ូទ័រ FC ជីភូ ជួបក្រុម ស.ស.យ.ក ស្រុករមាសហែក ដើម្បីដណ្តើមកៅអីចំណាត់ថ្នាក់លេខ៣ប្រចាំឆ្នាំផងដែរ។
សូមបញ្ជាក់ថា មុនមកដល់វគ្គចុងក្រោយនេះក្រុមក្រុមអធិការនគរបាលក្រុងបាវិត បានយកឈ្នះលើក្រុមសុភក្តិម៉ូទ័រ FC ជីភូ ដោយលទ្ធផល១០ទល់២ កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមស.ស.យ.ក ក្រុងស្វាយរៀង ឈ្នះក្រុមស.ស.យ.ក ស្រុករមាសហែក ៥ទល់០។
ក្រឡេកមើលកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ បណ្តោះអាសន្នឃើញថា កីឡាករ សូ ពៅ របស់ធារីបាវិត និងកីឡាករ វ៉ា កែវរតនៈ របស់ក្រុមស.ស.យ.ក ក្រុងស្វាយរៀង រកបានគ្រាប់បាល់២០គ្រាប់ម្នាក់ស្របពេលកីឡាករ គឹម ផល្លី របស់ក្រុម Panda FC រកបានគ្រាប់បាល់១៩គ្រាប់ហើយកីឡាករ ជៀស ភក្រា របស់ក្រុមអធិការនគរបាលក្រុងបាវិត រកបានគ្រាប់បាល់១៨គ្រាប់និងកីឡាករ ពៅ ពិសិដ្ឋ របស់ក្រុម M.S.T FCរកបានគ្រាប់បាល់១២គ្រាប់តាមពីក្រោយ។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមធារីលិញគួយជាម្ចាស់ជើងឯកម្តង៕
Source: Kampuchea Thmey Daily
0 Comments