ភ្នំពេញ ៖ ខណៈដែលលោក សម រង្សី ប្រធានចលនាសង្គ្រោះជាតិ ដែលត្រូវបានចាត់ថា ជាចលនាឧទ្ទាមក្រៅច្បាប់បានឈានមួយជំហានទៀត គឺការជំរុញឲ្យសហភាពអឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជានោះ វាកាន់តែបង្ហាញថា លោក សម រង្ស៊ី បញ្ចេញនូវចរិតក្បត់ជាតិ ក្បត់ប្រជាជនរបស់ខ្លួនខ្លាំងឡើងៗ ដែលខុសស្រឡះពីការលើកឡើងរបស់ខ្លួនឯងថា ជាអ្នកស្នេហាជាតិ ស្នេហាប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។
នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ និងបន្ទាប់ពីលោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងមួយទៅសហភាពអឺរ៉ុប ជំរុញឲ្យដាក់ទណ្ឌកម្មឲ្យបានឆាប់មកលើរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន បញ្ជាក់យ៉ាងនេះថា “ក្នុងខណ: ដែលស្ថិតនៅក្នុងស្ថានភាពទាល់ច្រក ទណ្ឌិត សម រង្សី បានដាក់ពាក្យជំរុញឲ្យសហភាពអឺរ៉ុបពន្លឿនការដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការសងសឹក នឹងការចាត់វិធានការណ៍ទប់ស្កាត់ការគាំទ្ររបស់សកម្មជនមួយចំនួនចំពោះទណ្ឌិត សម រង្សី។ ដូច្នេះទណ្ឌិតសម រង្សីកាន់តែបង្ហាញចរិតពិសពុលក្បត់ជាតិ ឲ្យឃើញយ៉ាងច្បាស់ក្រឡែតថា ទោះមានផលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនកម្ពុជាយ៉ាងណា ក៏ទណ្ឌិតរូបនេះហ៊ានធ្វើដែរ ឲ្យតែបានបម្រើមហិច្ឆតារបស់ខ្លួន”។
តែទោះយ៉ាងណាក្តី លោក សុខ ឥសាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់រួចហើយ ដើម្បីពន្យល់សហភាពអឺរ៉ុបឲ្យបានដឹងច្បាស់នូវការពិតនៅកម្ពុជា ជៀសវាងសម្រេចកិច្ចការដោយឃ្លាតឆ្ងាយពីសច្ចធម៌ ហើយប្រជាជនកម្ពុជាមានជំនឿជឿជាក់ថា សហភាពអឺរ៉ុបពិតជានឹងផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាជាក់ជាមិនខាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងមួយទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មកាន់តែខ្លាំង និងកាន់តែឆាប់ មកលើរដ្ឋាភិបាលកម្ពុជា ដែលលោកបានហៅថា “ជារបបផ្តាច់ការ” ប៉ុន្តែថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កេត សោផាន់ បានអះអាងថា រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៅអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល នាខែមករា ឆ្នាំ២០១៩ ខាងមុខ ហើយនៅទីនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងជួបជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដើម្បីពិភាក្សាលើបញ្ហានេះ (EBA) ដើម្បីធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តអនុគ្រោះពន្ធដល់កម្ពុជាតទៅទៀត។
តាមលោក កេត សោផាន់ រដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចា ដើម្បីសុំឲ្យសហភាពអឺរ៉ុប បន្តការអនុគ្រោះពន្ធដល់កម្ពុជា ហើយលោកយល់ថា ភាគីទាំងពីរនៅតែបន្តសហការគ្នាក្នុងកិច្ចសន្ទនា ក្នុងកិច្ចការដោះស្រាយ EBA៕
Source: Kampuchea Thmey Daily
0 Comments