នូវ ដារ៉ូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ហ្វា ម៉ៃ (Fa Mai ) ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គ.ក្រ នៅលើសង្វៀនBoostrong Fighter On Fire នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ដារ៉ូ ជាអ្នកប្រដាល់ខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃទើបតែបាន៧លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី៨ ដែលគេជួបប្រកួតជាមួយថៃនោះ។ ជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ គឺវាយចាញ់ថងប្រាន ២៦ ដោយពិន្ទុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែររូបនេះ មានប្រវត្តិប្រកួតប្រមាណជា៥៥លើក ក្នុងនោះវាយឈ្នះ៣៧លើក ចាញ់១៧លើក និងស្មើ០១លើក។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃទេ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ដារ៉ូ អាចយកឈ្នះ ហ្វា ម៉ៃ បានឬក៏អត់នោះទេ?។
ហ្វា ម៉ៃ ជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្ដាប់ដៃល្អ។ ដូច្នេះ នូវ ដារ៉ូ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះមានស្នៀតប្រដាល់ល្អ និងខ្លាំង។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៥៣លើក និងចាញ់១១លើក មិនដែលស្មើ។ ចាំមើល រវាងនូវ ដារ៉ូ និង ហ្វា ម៉ៃ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នាលើកដំបូងនេះ?។
សុខ សុវណ្ណ អ្នកប្រដាល់ នៃក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ដក់ ក ( Dork Kor ) ដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ដក់ ក ដែលមកជួបសុខ សុវណ្ណនេះ គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេ កន្លងមក។ អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និងវាយខ្លាំងគួរសមដែរ ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ។ បើតាម លោក ញាណ សុធី ដក់ ក មានប្រវត្តិប្រកួតប្រមាណ៥៥លើក ហើយវាយឈ្នះ៤៤លើក និង ចាញ់១១លើក មិនដែលស្មើ។ អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ ដែលសុខ សុវណ្ណ មិនអាចមើលស្រាលបានឡើយ។
តាមអ្នកផ្គូផ្គងឲ្យដឹងនោះថា កាលដែលនាំយក ដក់ ក ឲ្យមកប្រកួតលើកនេះ គឺដើម្បីផ្តល់ឱកាសឲ្យសុខ សុវណ្ណ ស្តាកេរ្តិ៍ឈ្មោះឡើងវិញ បន្ទាប់ពីឡើងប្រកួតជាមួយថៃប៉ុន្មានប្រកួតចុងក្រោយនេះ សុវណ្ណ វាយបានត្រឹមស្មើ និងចាញ់ប៉ុណ្ណោះ។
សុខ សុវណ្ណ ពីមុនជាជើងខ្លាំងម្នាក់របស់កម្ពុជា។ គេធ្លាប់ប្រកួតជាមួយថៃច្រើននាក់ហើយ។ សុវណ្ណ គេមានបទពិសោធន៍ច្រើនក្នុងការប្រកួត។ គេមានស្នៀតទាត់ល្អ ពិសេសទាត់ផ្កាប់ចាន ហើយកណ្ដាប់ដៃក៏ល្អដែរ ដោយវាយចេញចូលរហ័ស ហើយជង្គង់ កែង ក៏ល្អផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយដែលផ្គូឲ្យជួបជាមួយថៃនោះ សុវណ្ណ វាយមិនដែលឈ្នះនោះទេ។ និយាយរួម សុខ សុវណ្ណ ចុងក្រោយនេះ ស្រុតធ្លាក់ហៅលែងឮ គឺវាយអន់មែនទែន។
ដូច្នេះចាំមើល លើកនេះគេផ្គូឲ្យជួបប្រកួតជាមួយ ដក់ ក សុខ សុវណ្ណ អាចយកឈ្នះបានឬអត់? សុវណ្ណ ឥឡូវនេះ វាយឆាប់អស់ស៊ុហ្វជាងមុន ហើយជួបជាមួយថៃលើកចុងក្រោយនេះ គឺវាយស្មើYorth Phit។ សុវណ្ណ មានប្រវត្តិប្រកួតចំនួន៧៩លើក ឈ្នះ៥៩លើក ចាញ់១៧លើក និងស្មើ០៣លើក ។
ទេស សំខាន់ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ដែលបាត់មុខពីសង្វៀនជាងមួយឆ្នាំកន្លងមកហើយនោះ គេនឹងត្រូវជួបជាមួយអ្នកប្រដាល់ស៊ុយអ៊ែត គឺ អាឡិចសេនឌ័រ កាស់ស្ទេវ ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩ គ.ក្រ។
សំខាន់ដែលកាលពីមុនប្រកួតក្នុងប្រភេទទម្ងន់៦០ ឬ ៦៣,៥០គីឡូក្រាមនោះ ពេលនេះទម្ងន់របស់គេឡើងដល់៦៩គីឡូក្រាម ដែលកាលពីមុនគេប្រកួតត្រឹមទម្ងន់៦៣,៥០០ និង៦៥ គីឡូក្រាមប៉ុណ្ណោះ។ សំខាន់បានឲ្យដឹងថា គេបានចូលក្លិបដើម្បីហាត់បានច្រើនគួរសមដែរ តែគេទទួលស្គាល់ថា កម្លាំងរបស់គេនៅមិនទាន់គ្រប់គ្រាន់ទេ។ គេត្រូវការឈ្នះនៅក្នុងការប្រកួតនេះ។
អ្នកប្រដាល់ស៊ុយអ៊ែត វិញ ក៏ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរកន្លងមក។ អាឡិចសេនឌ័រ កាស់ស្ទេវ គេមានកំណត់ត្រាប្រកួតត្រឹមតែ១៨លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ១៥លើក ចាញ់០៣លើក។ ចំណែក ទេស សំខាន់ គេមានប្រវត្តិប្រកួត៨៥លើក ឈ្នះ៦៧លើក ចាញ់១៥លើក និងស្មើ០៣លើក ។
សំខាន់ ខានឡើងប្រកួតជាងមួយឆ្នាំមកហើយ ដូច្នេះមិនដឹងថា ទេស ខាន់ គេអាចយកឈ្នះ អាឡិចសេនឌ័រ កាស់ស្ទេវ បានឬអត់នោះទេ?៕
Source: Kampuchea Thmey Daily
0 Comments