ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះហើយ នៅលើសង្វៀនSEATV។
ជី ឆៃលី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ម៉ន វ៉ាន្នី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ពួកគេទាំងពីរនឹងត្រូវប្រជែងគ្នា ដើម្បីយកតំណែងជាម្ចាស់ពានរង្វាន់ប្រាក់១០លានរៀលនេះ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួត។
អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូលA មានកីឡាករ ជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, វ៉ន វ៉ុន ក្លិបអេភូថងកីឡា , សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ និង គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង។ ចំណែកពូល B មាន ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ, លីន វណ្ណៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ និងកីឡាករគួនសុវណ្ណ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា ការប្រកួតនេះ គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុដោយអ្នកទាំង៨ ត្រូវជួបគ្នាទាំងអស់។ការប្រកួតជម្រុះទម្លាក់ចោល៦នាក់ ចេញទុក១នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្តើមយកប្រាក់១០លានរៀលតែម្ដង។
ជី ឆៃលី ដែលថិតក្នុងពូលA ឆ្លងកាត់ការប្រកួតជម្រុះ៤លើកកន្លងមក គេវាយ ឈ្នះទាំង៤ប្រកួត។លើកទី១ គេឈ្នះ ម៉ន វ៉ាន្នី ពូលB ដោយពិន្ទុ , លើកទី២ ឈ្នះឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ , លើកទី៣ ឈ្នះ ចាន់ សាន់ ក្លិបនិរោធមានជ័យ ដោយពិន្ទុ និង លើកទី៤ បានឈ្នះ គួន សុវណ្ណ ក្លិបយុវវាលស្បូវ ក្នុងទឹកទី៣។ ដូចនេះ ឆៃលី គេជាប់លេខ១ក្នុងពូល A។
ចំពោះ អ្នកប្រដាល់ ម៉ន វ៉ាន្នី វិញ ក្នុងការប្រកួតជម្រុះ៤លើកគេឈ្នះ៣ចាញ់១។ លើកទី១ ម៉ន វ៉ាន្នី វាយចាញ់ជី ឆៃលី ដោយពិន្ទុ, លើកទី២ ឈ្នះវ៉ន វ៉ុន ក្លិបអេភូថងកីឡាក្នុងទឹកទី៤ , លើកទី៣ ឈ្នះសៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ និងលើកទី៤ វាយឈ្នះ គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរ ក្នុងទឹកទី៣។ ដូចនេះ អ៊ុំ វណ្ណេត គេជាប់លេខ១ ពូលB។
រវាង ជី ឆៃលី និង ម៉ន វ៉ាន្នី នេះ មិនដឹងថា អ្នកណានឹងឈ្នះការប្រកួតផ្តាច់ព្រ័ត្រនេះទេ?។ តែយ៉ាងណា ជី ឆៃលី គេមានប្រៀបឈ្នះច្រើនជាង ព្រោះ ឆៃលី ធ្លាប់វាយឈ្នះម៉ន វ៉ាន្នី ដោយពិន្ទុម្តងរួចមកហើយ ក្នុងការប្រកួតជម្រុះលើកដំបូងនោះ។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ នរណាឈ្នះ នរណាចាញ់នោះ មិនអាចទស្សន៍ទាយមុនបានឡើយ ដោយសារ ម៉ន វ៉ាន្នី គេក៏ខ្លាំងដែរ ហើយចាញ់ ឆៃលី លើកមុននោះ ក៏ចាញ់ត្រឹមពិន្ទុដែរ។ ចាំមើល តើអ្នកណាជាម្ចាស់ពានរង្វាន់ប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ?។
គួរបញ្ជាក់ថា សម្រាប់អ្នកទទួលបានជាជើងឯកប្រាក់លានរបស់ក្រុមហ៊ុនស្រាបៀGanzberg ទម្ងន់៥៤ គីឡូក្រាមនេះ នឹងទទួលបានប្រាក់១០លានរៀល និងអ្នកចាញ់បាន ២លានរៀល។ ពុំមានចំណាត់ថ្នាក់លេខ៣ លេខ៤ នោះទេ៕
Source: Kampuchea Thmey Daily
0 Comments