ភ្នំពេញ ៖ ថៅកែស្រី ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនថៅកែស្រី ដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
ថៅកែស្រីចិត្តខ្មៅរូបនេះមាន ឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សំលៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ប្រតិបត្តិការចុះទៅអន្តរាគមន៍ រំដោះក្មេងខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះអ្នកលក់សំលៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ៕
Source: Kampuchea Thmey Daily
0 Comments