Ad Code

សម្ដេច ​ស ខេង ​៖​ សារ​គំរាម​ប្ដឹង​របស់​លោក​ សម រង្ស៊ី ​ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មក​កម្ពុជា​នេះ មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ



ភ្នំពេញ ​៖ ​នៅ​ក្នុង​ឱកាស​ចូលរួម​បិទ​សិក្ខាសាលា​ជាតិ​ស្ដី​អំពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សម្ដេច ស ខេង បាន​ថ្លែង​ថា សារ​គំរាម​ប្តឹង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី​ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មក​កម្ពុជា​នេះ​ មិនមែន​ជា​លើកដំបូង​នោះ​ទេ គឺ​មាន​ច្រើន​លើក​មក​ហើយ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បន្ត​ថា សម្ដេច​មិន​ចាប់អារម្មណ៍​ចំពោះ​ពាក្យបណ្ដឹង​របស់ លោក សម រង្សី ​ដែល​ប្ដឹង​ទៅ​សហភាព​អឺរ៉ុប​(EU) ឲ្យ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើង មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​ លោក សម រង្ស៊ី មិនដែល​ធ្វើ​អ្វី​ដើម្បី​ផលប្រយោជន៍​ជាតិ​ទេ គឺ​គិតតែ​ពី​ការ​រក​វិធីសាស្ត្រ​មក​បំផ្លាញ​កម្ពុជា​ប៉ុណ្ណោះ។

សម្ដេច​ក្រឡាហោម​បាន​គូស​បញ្ជាក់​បន្ត​ថា បច្ចុប្បន្ន​នេះ ទាំង​រាជរដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​និង​កំពុង​គិតគូរ​រក​វិធានការណ៍​ដើម្បី​ឲ្យ​ជាតិ​មាន​សុខ​សន្តិភាព ការអភិវឌ្ឍន៍​តែប៉ុណ្ណោះ ដើម្បី​បម្រើ​ពលរដ្ឋ​អំពី​សេវា​សាធារណៈ និង​ខិតខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​បន្ថែម​ថា សម្ដេច​មិន​ចាប់អារម្មណ៍​លើ​ លោក សម រង្ស៊ី ទេ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦​ធ្នូ លោក សម រង្ស៊ី​ បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា “​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ដាក់ទណ្ឌកម្ម​កាន់​តែ​ខ្លាំង និង​កាន់តែ​ឆាប់​ មក​លើ​របប​ សម្ដេច ហ៊ុន សែន បើ​អាជ្ញាធរ​ស្រុក​ខ្មែរ​នៅតែ​គំរាមកំហែង មន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​បង្ហោះ​វីដេអូ ដែល​ក្នុង​នោះ មន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​ទាំងនោះ គាំទ្រ​ លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ពាក្យស្លោក សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​”៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu