Ad Code

អបអរសាទរ​ពិធី​សម្ពោធ វិមាន ឈ្នះ ឈ្នះ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត



ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី ២៩ ធ្នូ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​សម្ពោធ​វិមាន ឈ្នះ ឈ្នះ ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១​ធ្នូ ភ្ជាប់​ជាមួយ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨ ឈាន​ចូល ២០១៩ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។ នេះ​គឺជា​ពិធី​សម្ពោធ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដ៏​អធិកអធម​ក្រៃលែង ដោយសារតែ​វិមាន ឈ្នះ​ឈ្នះ ត្រូវបាន​សាងសង់​រំលឹក​ដល់​ការអនុវត្ត​បាន​ជោគជ័យ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​បានបញ្ចប់​នូវ​សង្គ្រាម​នាំមក​នូវ​សុខសន្តិភាព និង​ការឯកភាព​ទឹកដី។

វិមាន​ឈ្នះ ឈ្នះ គឺ​តំណាង​ឲ្យ​កម្ពុ​ជា​មាន​សុខសន្តិភាព​និង​ឈ្នះ​ជានិច្ច​និរន្តរ៍​គ្មាន​សង្គ្រាមស៊ីវិល​ទៀតឡើយ។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព​និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

ការ​ដាក់​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នៅ​ពេល​នេះ​គឺ​មាន​គោលបំណង​សំខាន់ ៣៖
​គោលបំណង​ទី​១-​គឺជា​ការ​រំលឹក​ដឹងគុណ​និង​ចង់​បង្ហាញ​នូវ​គុណ​តម្លៃ​នៃ​នយោបាយ ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ ឈ្នះ ឈ្នះ​? តើ​នយោបាយ ឈ្នះ ឈ្នះ មានការ​អនុវត្ដ​ន៍​និង​ដំណើរការ​បែបណា​? នៅទីណា​?​អ្នកណាខ្លះ​? មាន​បញ្ហា​ប្រឈម​ពុះពារ​ក្នុងការ​ឆ្លងកាត់​នៅក្នុង​ដំណាក់កាល​នៃ​ការ​ដាក់ចេញ​សម្រាប់​ការអនុវត្ត​នយោបាយ ឈ្នះ ឈ្នះ តាមរបៀប​ណា ? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​ពុះពារ​ដឹកនាំ​ក្នុងដំណាក់កាល​នីមួយៗ​បែបណា​? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​ន្ដ​និង​កាន់តែ​មិនមែនជា​ការជួយជ្រោមជ្រែង​ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស​ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង​គឺ​ខុស​អំពី​ក្នុងអំឡុង​កាលដែល​មាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក​នៅក្នុង​ប្រទេស​កម្ពុជា។

គោលបំណង​ទី​២-​គឺ​ចង់បង្ហាញ​នូវ​សមិទ្ធផល​ទទួល​ដោយ​សន្ដិភាព​និង​ការអភិវឌ្ឍ​ក្នុង​មាតុភូមិ​កម្ពុជា​ជាពិសេស​បំផុត​ក្នុង​រយៈពេល​តែ ២០ ឆ្នាំ ក្រោយ​នយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់​សង្គ្រាម​ទាំងស្រុង​និង​បានទទួល​សន្ដិភាព​។​ន័យ​នេះ ចង់​បញ្ជាក់ថា សមិទ្ធផល​និង​ការអភិវឌ្ឍ​ទាំងអស់​បានមកពី​ណា​? ចេញ​មកពី​នរណា​ឲ្យ​ពិតប្រាកដ​? លទ្ធផល​ដែល​កំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង​មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់​ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការវិវឌ្ឍ​បែបនេះ ។ ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្មរ​បស់​សង្គម​កម្ពុជា​ក្នុងដំណាក់កាល​នេះ​និង​ជា​ដំណាក់​កាលដែល​យើង​ឲ្យ​ឈ្មោះថា សម័យកាល​តេ​ជោ សែន ក៏​ថា បាន​ហើយ​ភស្ដុតាង​ទាំងអស់នេះ​តើ​មាន​ពិត​ឬទេ​? វិស័យ​នានា​ដែលមាន​តើ​ពិតប្រាកដ​ឬទេ​? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា​…​ន័យ​ចំណុច​ទី​២​នេះ គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា​ដោយ​លទ្ធផល​នៃ​នយោបាយ ឈ្នះ ឈ្នះ​។

គោលបំណង​ទី​៣-​សំខាន់​គឺជា​ការចែករំលែក​ការ​ផ្ដល់នូវ​ការសិក្សា​ជាទី​កន្លែង​មួយ​ដែល​អាច​ធ្វើជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្វេងយល់​និង​ខិតខំ​បង្កើត​នូវ​ចក្ខុវិស័យ​ក្នុង​ការបន្ដ​ស្ថានភាព​ដែល​មាន​បែបនេះ​តទៅ​អនាគត​។ ដូច្នេះ​ដើម្បី​ចែករំលែក​ធ្វើជា​មូលដ្ឋាន​ឲ្យ​ការងាយយល់ ងាយ​ចាំ ងាយ​ឃើញ ងាយ​ធ្វើ​ការវិភាគ​និង​ក្នុង​ការ​ចែករំលែក​បន្ដ​គឺជា​ការរៀបចំ​ស្ថាបនា​កសាង​រូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់​រូបរាង​និង​ទីកន្លែង​ទាំងអស់នេះ​ឲ្យ​មាន​ភាព​សាមញ្ញ និង​មាន​ភាព​ទាក់ទាញ​និង​ឲ្យ​មាន​ស្ថានភាព​ដែល​កន្ត្រាក់ អារម្មណ៍ គំនិត ជាពិសេស​នៅក្នុង​សម័យ​ឌីជីថល​ឬ​សម័យ​ដែល​ត្រូវការ​ពេលវេលា​ខ្លី​សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​នេះ​។

ដូចនេះ វិមាន​ឈ្នះ ឈ្នះ ដែល​រៀបចំ​នៅទីនេះ ទោះបី​ភូមិសាស្ដ្រ​នៅទីនេះ​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង​ដែល​មាន​អគារ​និង​តម្កល់ នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វី​ដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព​និង​គំនូរ រូបថត សម្ភារៈ​រហូត ដល់​គ្រឿង​យោ​ធូប​ករ​ណ៍​នានា​និង​មាន​ទីកន្លែង​គួបផ្សំ​ទៅដោយ​ធម្មជាតិ​ដែលជា​អត្តសញ្ញាណ​ទាំង​ដើមឈើ ដើម​ផ្កា​និង​ការ​បំបែក​ឯកត្តកម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​ម៉ា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើន​ជាង​គេ នំអន្សម​ដែល​ធំ​ជាង​គេ។​ល​។ នេះ​គឺជា​គោលបំណង​សាមញ្ញ​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ ប៉ុន្ដែ​ចេញពី​ភាព​សាមញ្ញ​ទាំង​បី​នេះ ពិត​ណាស់​អាច​ផ្ដល់​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នកចេះដឹង​ជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជន​សាមញ្ញ ពាណិជ្ជករ ទេសចរ ក្នុង​និង​ក្រៅប្រទេស​និង​ជាតិ​សាសន៍​ដទៃ​ផងដែរ។

យើង​មាន​ទីកន្លែង​មួយ​ដែល​ក្លាយជា​អត្តសញ្ញាណ​នៃ​ប្រវត្តិសាស្ដ្រ​ស្ដីអំពី​ការ​បញ្ចប់​សង្គ្រាម​ទទួលបាន​សន្ដិភាព សម្រេច​បាន​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ស​ង្គ​ម និង​អាច​និយាយ​បាន​ថា មិន​ធ្លាប់​មាននៅ​ទីកន្លែង​បែបនេះ។ យើង​មាន​អាគារ​ធំៗ​ទំនើប យើង​មាន​គ្រឹះស្ថាន​នានា​និង​ទីកន្លែង​ដែល​បំពាក់​ទៅដោយ​ភាពស្រស់​បំព្រង​ឆើតឆាយ ប៉ុន្ដែ​នៅទីនេះ​ពិតជា​ទីឋាន​មួយ​ដែលមាន​លក្ខណៈ​ខុសពី​កន្លែង​ទាំងអស់នេះ ហើយ​ជាទី​បំពេញ​នៃ​ចន្លោះប្រហោង​មួយ​នៃ​ប្រវត្តិ​សាស្ដ្រ​ដើម្បី​ឲ្យ​កាន់តែ​ជាក់​ស្ដែងឡើង និង​មាន​ភស្ដុតាង​ពិតប្រាកដ​សម្រាប់​មនុស្ស​ជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​តទៅ​អនាគត​ផងដែរ។ ច្បាស់​ណាស់​ថា មហិច្ឆតា​ដ៏​ធំ​ចេញពី​ភាព​សាមញ្ញ​នេះ​ពិតជា​មិនទាន់​គ្រប់គ្រាន់​ដូច្នេះ​ព្រឹ​ត្ដិ​ការណ៍​ថ្ងៃទី​២៩ ដែល​ជា​ទិវា​ខួប​២០ ឆ្នាំ​នៃ​ទិវាន​យោ បាយ ឈ្នះ ឈ្នះ និង​ការ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក្នុង​ដំណាក់កាល​មួយ​នេះ គឺ​នឹង​បើក​សករាជ​ថ្មី ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​សម្រាប់​ជាតិ​យើង​សម្រាប់​មនុស្ស​គ្រប់គ្នា​គ្រប់​ទីកន្លែង​ទទួល​បន្ថែម​ទៀត​ជាមួយ​សមិទ្ធផល​ដ៏​ច្រើន​ដែល​យើង​បានទទួល​រួចមកហើយ​។

មានការ​លើកឡើង​ជា​សំណួរ​ថា តើ​ហេតុអ្វី​បានជា​សម្រេច​ជ្រើស​យក​ការ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ ត្រូវ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​២៩​ខែធ្នូ ? គេ​នៅ​ចាំ​បាន​ថា «​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរក្រហម​, លោក នួន ជា អតីត​ប្រធានសភា​របប​ខ្មែរក្រហម​, លោក អៀង សារី អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​មន្ត្រីជាន់ខ្ពស់​ខ្មែរក្រហម​ជាច្រើនរូប​ទៀត ដូចជា​លោក ជួន ជឿន​, លោក ចាន់ យូរ៉ាន់ ព្រមទាំង​គ្រួសារ​របស់​ពួកគេ​បានធ្វើ​ដំណើរ​មកដល់​គេហដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន នាទី​ក្រុង​តាខ្មៅ​ដើម្បី​សុំ​ចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ »​។

ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​សរសេរ​នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ​តេ​ជោ​សែន​នៃ​កម្ពុជា​» ដែល​ចងក្រង​ដោយ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​។

​ក្រុម​អ្នកនិពន្ធ​បាន​សរសេរ​នៅក្នុង​ផ្នែក​នេះ​ថា ថ្ងៃទី​២៩ ខែធ្នូ ជា​ថ្ងៃ​ «​អវសាន​នៃ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​»​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់ទុកថា​ កាល​យក​ថ្ងៃទី​២៩ ខែធ្នូ ធ្វើជា​ទិវា ឈ្នះ ឈ្នះ គឺ​ដោយសារតែ​ថ្ងៃ​នោះ​មេដឹកនាំ​ខ្មែរក្រហម​បាន​មក​ចុះចូល​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី ហើយក៏​ជា​សារ​មួយ​ផ្ញើ​ទៅកាន់​ទាហាន​ខ្មែរក្រហម​ថា មេដឹកនាំ​របស់​ពួកគេ​បាន​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​ហើយ ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាត់ទុកថា ជា​ជោគជ័យ​ដ៏​ធំធេង​នៃ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច ហ៊ុន សែន ក្នុង​ការ​បញ្ចប់​ទាំងស្រុង​នៃ​អង្គការ​ចាត់តាំង​ខ្មែរក្រហម ទាំង​រដ្ឋបាល និង​កងកម្លាំងប្រដាប់អាវុធ។ តាមរយៈ​នៃ​ការ​មក​ចុះចូល​របស់​មេដឹកនាំ​ខ្មែរក្រហម​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី​នេះហើយ ទើប​មាន​ពិធី​សមាហរណកម្ម​ចុងក្រោយ​នៃ​ទាហាន​ខ្មែរក្រហម​ចូល​ជាមួយ​រដ្ឋាភិបាល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៩៩​។



ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ដំណាក់កាល​នៃ​ការ​ឈាន​ទៅ​អនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ បាន​យក​ជីវិត​ធ្វើ​ដើមទុន ចូល​ទៅ​កាន់​តំបន់​ខ្មែរក្រហម​គ្រប់គ្រង ក្នុង​គោលបំណង​ទាក់ទាញ​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​និង​បង្ហាញ​ជំនឿ​ទុកចិត្ត​សម្រាប់​ទាហាន​ខ្មែរក្រហម ។ តើ​វា​មាន​គ្រោះថ្នាក់​ប៉ុណ្ណា​ទៅ ដែល​សម្តេច​ត្រូវ​ប្រថុយ​ចូលទៅ​តំបន់​នោះ​? តើ​នៅលើ​លោកីយ៍​នេះ មាន​ប្រទេស​ប៉ុន្មាន​ដែល​នាយករដ្ឋមន្ដ្រី ឬ​ប្រធានាធិបតី​ចូលទៅ​កាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ឧទ្ទាម​បែបនេះ​?

ពេលនោះ បើ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ទៅ​ទេ សួរ​ថា តើ​អតីត​កម្លាំង​ខ្មែរក្រហម​ជឿ​ឬទេ​? ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​ធ្លាប់បាន​រំលឹក​ម្ដាយ​ខ្ញុំ និង​ម្ដាយធំ​របស់ខ្ញុំ បាន​និយាយប្រាប់​ម្ដាយ​ខ្ញុំ មិនដែល​ហៅ​ខ្ញុំ​សម្ដេច​ឬក៏​ស្អី​ទេ ហ្អែ​ង​! ចូល​ទៅ​ក្នុង​តំបន់​គេ មិន​ខ្លាច​គេ​បាញ់សម្លាប់​ទេ​? ឯ​ម្ដាយធំ ក្មួយ​អើយ​!​កុំ​ចូល​ទៅ​អី​! ខ្ញុំ​បាន​ប្រាប់​ត្រឡប់​ទៅវិញ​ថា ម៉ែ​/​ធំ ប្រសិនបើ​ស្លាប់ៗ​តែ​ខ្ញុំ និង​អ្នក​ទៅ​តែ​ប៉ុន្មាន​នាក់​ទៅជា​មួយ​តែប៉ុណ្ណោះ ប៉ុន្ដែ​បើ​បាន​មក​វិញ​គឺ​បាន​ផែនដី​ទាំងមូល​តែម្ដង។ នោះ​ហើយ​ជា​តម្លៃ​ដែល​យើង​ត្រូវ​បង់។ ជា​ភ័ព្វសំណាង​ដែល​ខ្ញុំ​មិន​ត្រូវ​បានសម្លាប់។​»

ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​កំណត់ថា ជា​ខួប​ឆ្នាំ​ទី​២០​នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ក៏​ជា​ឆ្នាំ​ទី​២០​នៃ​សន្តិភាព​របស់​កម្ពុជា​ដែល​ពុំ​មាន​ទៀត​ឡើយ​នូវ​ការបែងចែក​ទឹកដី គ្រប់គ្រង​ដោយ​ចលនានយោបាយ​ផ្សេងៗ​។

ខ្លឹមសារ​ស្នូល​នៃ​នយោបាយ ឈ្នះ ឈ្នះ មាន​៣​ចំណុច ហើយ​ត្រូវ​បាន​ប្រកាស​ចេញពី​ទីក្រុង​ប៉ៃលិន ដែល​ជា​តំបន់​បះបោរ​ក្នុង​ដំណាក់កាល​ដំបូង ហើយ​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ ដែល​រួម​ជាមួយនឹង​កម្លាំង​បះបោរ​នៅ​ម៉ាឡៃ ដើម្បី​ធ្វើការ​បះបោរ​ក្នុង​ដំណាក់កាល​នោះ​។​ នយោបាយ ឈ្នះ ឈ្នះ រួមមាន​៖​ទី​១-​ធានា​អាយុជីវិត​និង​រូប​កាយ​របស់​អ្នក​ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី​ខ្មែរក្រហម​។​ ទី​២-​ធានា​រក្សា​នូវ​អាជីព​និង​មុខរបរ។ ទី​៣-​រក្សា​នូវ​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ទាំង​អចលនទ្រព្យ​និង​ចលនទ្រព្យ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ដែល​ជា​ប្រតិបត្តិ​ករ​ចម្បង​មួយ​រូប​នៃ​យុទ្ធសាស្ត្រ បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់​លោក​ថា នយោបាយ ឈ្នះ ឈ្នះ ជា​យន្តការ​សំខាន់​ក្នុងការ​អនុវត្ត​ចំណុច​ធ្វើ​សមាហរណកម្ម​និង​ការអភិវឌ្ឍ​។​ លោក​បន្តទៀត​យ៉ាង​ដូច្នេះ​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​ជំរុញ​ល្បឿន​អនុវត្ត​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ ក្នុងទិសដៅ​បំបាត់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម ដែលជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន ដើម្បី​មាន​ពេលវេលា និង​ធនធាន​កសាង​ប្រទេស »​។

​សូម​ជំរាប​ថា វិមាន ឈ្នះ ឈ្នះ នេះ បាន​ចាប់​ផ្តើម​សាងសង់​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី ៨​ហិច​តា ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ​ដើ​ម្បី​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​។ ជាង​នេះ​ទៀត​ វិមាន​នេះ​នឹង​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu