ភ្នំពេញ ៖ រដ្ឋាភិបាលចិនបានផ្តល់រថយន្តគ្លីនិកចល័តចំនួន២០គ្រឿងដល់ក្រសួងសុខាភិបាលដើម្បីជួយលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាពិសេសពលរដ្ឋក្រីក្ររស់នៅដាច់ស្រយាលឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រថយន្តចល័តចំនួន២០គ្រឿងនេះក្រសួងគ្រោងនឹងដាក់ពង្រាយនៅតាមតំបន់ដែលមានកម្មករនិយោជិតច្រើននិងដាក់នៅតាមខេត្តដាច់ស្រយាលដើម្បីឲ្យប្រជាពលរដ្ឋអាចមានលទ្ធភាពមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានបន្ថែមទៀតថា ការប្រគល់រថយន្ត២០គ្រឿងនេះគឺធ្វើឡើងយោងទៅតាមគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិននិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន នៅក្នុងលិខិតប្តូរសារស្តីពីការផ្តល់រថយន្តគ្លីនិកចល័តចំនួន៤០គ្រឿងរវាងរដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅខណៈដែលរថយន្តគ្លីនិកចល័តចំនួន២០គ្រឿងត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលរួចមកហើយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
ថ្លែងក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយគ្លីនិកចល័តកាលពីល្ងាចថ្ងៃទី១២ធ្នូ នៅទីស្តីការក្រសួងលោកសាស្ត្រាចារ្យបានបន្តថា រថយន្តទាំង២០គ្រឿងនេះក្រសួងនឹងធ្វើការបែងចែកទៅតាមរាជធានីខេត្តចំនួន១៥ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ព្រោះរថយន្តចល័តទាំងនេះគឺជាប្រភេទរថយន្តធំបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យនិងនិងសម្ភារៈផ្សេងៗទៀតដែលអាចបំពេញភារកិច្ចជាមន្ទីរពេទ្យសម្រាប់ព្យាបាលទៅលើផ្នែកជំងឺកុមារ ជំងឺទូទៅ ផ្នែកវះកាត់ សម្ភពនិងរោគស្ត្រី ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកទន្តសាស្ត្រ ផ្នែករូបភាពនិងផ្នែកមន្ទីរពិសោធន៍។
ចំណែកលោក ដេង បូហ្គីង អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍសង្ឃឹមថា តាមរយៈគ្លីនិកចល័តនេះនឹងជួយសម្រួលដល់ក្រសួងសុខាភិបាលក្នុងការចុះពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែងាយស្រួល ឆាប់រហ័សនិងមានប្រសិទ្ធភាពថែមទៀតពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីមណ្ឌលសុខភាពឬមន្ទីរពេទ្យ។
លោកបានបន្តឲ្យដឹងទៀតថា ដើម្បីឲ្យការប្រើប្រាស់រថយន្តគ្លីនិកចល័តនេះឲ្យកាន់តែមានប្រសិទ្ធភាពនោះរដ្ឋាភិបាលចិនបានបញ្ជូនអ្នកជំនាញអ្នកវិទ្យាសាស្ត្រចិនអមដំណើរតាមរថយន្តដើម្បីចុះទៅជាមួយគ្រូពេទ្យកម្ពុជាដើម្បីជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមបណ្តារាជធានីខេត្តនានាទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា ក្រៅពីផ្តល់រថយន្តគ្លីនិកចល័តនេះកន្លងមករដ្ឋាភិបាលចិនធ្លាប់បានផ្តល់ជំនួយជាច្រើនទៀតដល់ក្រសួងសុខាភិបាលដូចជារថយន្តគិលានសង្គ្រោះ២០០គ្រឿង ម៉ាស៊ីនអេកូសាស្ត្រ២០០គ្រឿង និង កំពុងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈនិងមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ៕
Source: Kampuchea Thmey Daily
0 Comments