ភ្នំពេញ ៖ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌច្បារអំពៅបានយកចិត្តទុកដាក់ខ្ពស់ទាំងប្រជាពលរដ្ឋដែលរស់នៅលើគោកនិងលើទឹក។
ព្រោះតែទឹកដីខណ្ឌច្បារអំពៅមានមូលដ្ឋានជាប់និងដងទន្លេមេគង្គនិងទន្លេបាសាក់ទាំង៨សង្កាត់ហើយអ្នករស់នៅលើទឹកគឺច្រើនជាអ្នកនេសាទ។
យោងតាមប្រសាសន៍របស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់រាល់អង្គប្រជុំរួមដោយផ្តោតទៅលើលោកចៅសង្កាត់និងមេប៉ុស្តិ៍ទាំង៨ ត្រូវចុះពិនិត្យរដ្ឋបាលនិងស្រង់បញ្ជីអ្នករស់នៅលើគោកនិងលើទឹកឲ្យបានច្បាស់លាស់ ព្រោះអ្នករស់នៅតាមទូកក៏ជាប្រជាពលរដ្ឋកម្ពុជាទាំងអស់លើកលែងតែជនជាតិវៀតណាម គឺមានការគ្រប់គ្រងដោយសមត្ថកិច្ចអន្តោប្រវេសន៍។
ចំពោះអ្នកដែលរស់នៅតាមទូក ក៏ត្រូវណែនាំឲ្យរក្សាអនាម័យផងជៀសវាងបន្ទោបង់ចូលទៅក្នុងទឹកទន្លេនិងចោលសំរាម។ ហើយត្រូវបន្ទោបង់តាមបង្គន់អនាម័យឲ្យបានគ្រប់ៗគ្នា។
តាមប្រសាសន៍ណែនាំរបស់លោកអភិបាលខណ្ឌច្បារអំពៅ គឺក្នុងបំណងចង់ដឹងពីចំនួនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជៀសវាងការគ្រប់គ្រងមិនដឹងចំនួនហើយចេះតែប៉ាន់ស្មាន ឬ ប្រហែលគឺពុំមែនជាអាជ្ញាធរ ឬ សមត្ថកិច្ចនោះទេ។ ពិសេសគឺមិនចង់ឲ្យអ្នកដែលរស់នៅតាមទូកចេះតែកើតមានទំនាស់ជាមួយម្ចាស់ក្បាលដីដែលមានលំនៅឋានជាប់ដងទន្លេ។ ប៉ុន្តែអ្នកនេសាទដែលភាគច្រើនជាជនជាតិខ្មែរឥស្លាមវិញគឺច្រើនមានផ្ទះសម្បែងត្រឹមត្រូវតាមបណ្តាភូមិ៕
Source: Kampuchea Thmey Daily
0 Comments