ភ្នំពេញ ៖ លោកបណ្ឌិតចាប សុថារិទ្ធរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពិតជាបានផ្ដល់ឱកាសគ្រប់គ្រាន់ដើម្បីគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានធូរធារ និងមានសុខមាលភាពផ្ទាល់ខ្លួនផងដែរ។
លោករដ្ឋលេខាធិការថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្រោយបានទទួលការអនុញ្ញាតពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឲ្យធ្វើជាតំណាង ក្នុងពិធីផ្សព្វផ្សាយអំពី គោលនយោបាយ នៃការអនុវត្តរបបសន្តិសុខ សង្គម និងចែកប័ណ្ណសមាជិកបេឡាជាតិរបប សន្តិសុខសង្គម ជូនមន្ត្រីរាជការ និងមន្ត្រីជាប់ កិច្ចសន្យានៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគិសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រួចមក។
ក្នុងឱកាសនោះ ក៏មានកិច្ចសហការ ជាមួយ បេឡាជាតិរបបសន្តិសុខសង្គម ដែល ហៅកាត់ថា ប.ស.ស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោកបណ្ឌិតចាប សុថារិទ្ធ បានរំលឹកថា នៅកម្ពុជាយើងរបបសន្តិសុខសង្គម ត្រូវបានបង្កើត ឡើងតាំងពីសម័យសង្គមរាស្ត្រនិយម កាលពី ឆ្នាំ១៩៥៥។ តែគួរឲ្យសោកស្តាយអំឡុង ពេលសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត របបសន្តិសុខសង្គមនេះ ត្រូវបានបំផ្លាញចោលទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩មកទល់ឆ្នាំ១៩៩៣ រដ្ឋាភិបាល អតីតសាធារណរដ្ឋ ប្រជាមានិត កម្ពុជា និងរដ្ឋកម្ពុជា បានទទួលព្យាបាលប្រជាជន ទាំងស្រុង ដោយឥតគិតថ្លៃ។
ក្រោយមកប្រទេសជាតិយើងមានការវិវត្តន៍បណ្តើរៗ ជាពិសេស ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០០២ ច្បាប់របបសន្តិសុខសង្គម ត្រូវបានអនុម័ត។ ក្រោយមក អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិ របបសន្តិសុខសង្គមត្រូវបានអនុម័តនៅឆ្នាំ២០០៧។
លោកបណ្ឌិត ចាប សុថារិទ្ធ បានថ្លែងបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន នៅពេលដែល ប្រទេស ជាតិយើងមានសន្តិភាព នឹងកំពុងមានការ រីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែករបប សន្តិសុខសង្គម ពិតជាមានសារៈសំខាន់ខ្លាំង ណាស់ ។ ប្រជាជនកម្ពុជា រួមទាំងកម្មករ និយោជិត ដែលបម្រើការងារនៅតាម សហគ្រាស គ្រឹះស្ថាន ឯកជន និងរដ្ឋ ពិតជាត្រូវការ ការធានាផ្នែកសន្តិសុខសង្គម នេះជាចាំបាច់។
លោកបញ្ជាក់បន្ថែមទៀតថា របបសន្តិសុខសង្គម ពិតជាបានឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម របស់ប្រជាជាតិយើង ដើម្បីធានាការពារមិនឲ្យ សមាជិកសង្គមណាម្នាក់ ធ្លាក់ទៅក្នុងហានិភ័យ នៃភាពក្រីក្របានឡើយ។ ម្យ៉ាងទៀត គោលនយោបាយរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវប្បធម៌ នៃការចែករំលែក គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់អាចជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ អាចជួយដល់អ្នកមានជំងឺ ជនពិការ ឬ អ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងអាចជួយដល់ជនចាស់ជរា ដែលការនេះធ្វើឲ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅ និងលំនឹងក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
បើតាមរបាយការណ៍របស់លោក ម៉េង ហុង តំណាងឲ្យនាយកបេឡាជាតិរបបសន្តិសុខសង្គម បានឲ្យដឹងថា បសស បានរៀបចំប័ណ្ណសមាជិកចំនួន៧៩៤ប័ណ្ណ ប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលនានា ដែលបានចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយ ប ស ស។
ក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លោកបណ្ឌិត ចាប សុថារិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនានឹករឭកយ៉ាងជ្រាលជ្រៅរបស់លោកជំទាវ ជូនចំពោះបងប្អូន ដែលជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងទាំងអស់ ដែលមានវត្តមានចូលរួមក្នុងអង្គពិធីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបប សន្តិសុខសង្គម និងចែកប័ណ្ណសមាជិកបេឡា ជាតិរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងនា ពេលនេះ ពិសេសសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខំប្រឹងប្រែងរបស់ បេឡាជាតិរបបសន្តិសុខសង្គម (NationalSocial Security Fund) ដែលហៅកាត់ថា បសស ដែលបានខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្លា និងជួយសហការរៀបចំពិធីដ៏មានសារៈសំខាន់នេះ៕
Source: Kampuchea Thmey Daily
0 Comments