Ad Code

រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​ឲ្យ​អង្គការ GrowAsia ជួយ​ដល់​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​បច្ចេក​ទេស ការកែច្នៃ វេច​ខ្ចប់ ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព សម្រាប់​នាំចេញ



ភ្នំពេញ ៖​ លោក រដ្ឋមន្ត្រី​វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន ស្នើ​ឲ្យ​អង្គការ GrowAsia ធ្វើការ​រៀបចំ​ផែនការ​សកម្មភាព​ក្នុង​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា រួមទាំង​ការ​បណ្តុះបណ្តាល​បច្ចេក​ទេស ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ការកែច្នៃ វេច​ខ្ចប់​ធានា​បាន​នូវ​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​។



ការ​ស្នើ​សុំ​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ជំនួប​ជាមួយ លោក Grahame Dixie នាយក​អង្គការ GrowAsia ដើម្បី ពិភាក្សា​ការងារ​ទាក់ទង​នឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​សម្រាប់​និរន្តរភាព​នៃ​វិស័យ​កសិកម្ម (The Cambodian Partnership for Sustanable Agriculture, CPSA)​។



​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាប​ជម្រាប​ជូន​ភ្ញៀវ​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ពិសេស​វិស័យសេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ ដោយឡែក​វិស័យ​កសិកម្ម​ក៏​បាន​នឹង​កំពុង​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទនៈ ជាក់ស្តែង​បច្ចុប្បន្ន​កម្ពុជា​ផលិត​ស្បៀង​លើស​ពី​សេចក្តី​ត្រូវ​ការ​ក្នុងស្រុក ហើយ​កំពុង​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា​វិនិយោគ​លើ​វិស័យ​កែច្នៃ​ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ក្នុងស្រុក ស្ថេរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិ​ភាព​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ ក្រៅពី​នេះ ក្រសួង​កំពុង​ជំរុញ​បន្ថែម​ទៀត​ដល់​សហគមន៍ កសិករ​ខ្នាត​តូច និង​មធ្យម សហការ​ធ្វើ​ការ​ដាំដុះ​ជាមួយ​វិស័យ​ឯកជន​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់ ទីផ្សារ និង​ស្ថេរភាព​តម្លៃ​។ នេះ​ជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការ​ធ្វើ​ចំណាកស្រុក តាមរយៈ​ការ​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជាពិសេស​គោលនយោបាយ​នេះ​នឹង​ចូល​រួម​ចំណែក​សម្រេច​បាន​តាម​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល​ដែល​ចង់​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។

ក្នុង​ឱកាស​នេះ លោក Grahame Dixie ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ថា ​ទស្សន​របស់​អង្គការ GrowAsia គឺមាន​ប្រាថ្នា​ចង់​ធ្វើ​សកម្មភាព​ឆ្លើយ​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​លើស​ពី​នេះ​ទៀត​គឺ​ចង់​ធ្វើការ​កៀងគរ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​មក​ចូលរួម គាំទ្រ និង​សហការ​គ្នា​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​។



លោក​បាន​បញ្ជាក់​បន្ថែម​ថា ការអភិវឌ្ឍន៍​នេះ​ចាំបាច់​ត្រូវការ​ប្រើប្រាស់​យន្តការ​នៃ​ការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជីថ​ល​កសិកម្ម​ទំនើប ទាន់សម័យ​សមស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អ្នក​ផលិត ស្របតាម​លក្ខណៈ​ភូមិសាស្ត្រ និង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​សមស្រប​តាម​តម្រូវការ​ទីផ្សារ​។

ជាមួយ គ្នា​នេះ លោក រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អង្គការ​ធ្វើការ​រៀបចំ​ផែនការ​សកម្មភាព​ក្នុង​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា រួម​ទាំង​ការ​បណ្តុះបណ្តាល​បច្ចេកទេស ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ការកែច្នៃ វេច​ខ្ចប់​ធានា​បាន​នូវ​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​។ ទន្ទឹម​នឹង​នេះ ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង និង​អង្គការ​អនុវត្តន៍​បាន​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើត​ក្រុមការងារ​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​នឹង​ឈានទៅ​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​ខាងមុខ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu