រតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបគំនរឈើជាច្រើនកន្លែង ដែលក្រុមឈ្មួញបានកាប់បំផ្លាញក្នុងព្រៃសហគមន៍បម្រុងទុករបស់រដ្ឋមួយកន្លែង យកមកលាក់ទុកនៅក្បែរព្រៃនិងដើមស្វាយចន្ទីបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។
ប្រតិបត្តិការ ចុះបង្ក្រាប និងរឹបអូសឈើខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ត្រង់ចំណុចនិយាមកាមលេខ(៥៥០៦៦-៥៤២០៨) ស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
សមត្ថកិច្ចចម្រុះ ដែលចុះបង្ក្រាបក្នុងនោះ រួមមាន កម្លាំងអាវុធហត្ថចំនួន០៨នាក់ ប៉ូលិសចំនួន១០នាក់ យោធា០២នាក់ រដ្ឋបាលព្រៃឈើ០២នាក់ បានសហការចុះបង្ក្រាបគំនរឈើប្រភេទលេខ១ ស្រឡៅ.គគីរ.និងសុក្រម បានជាច្រើនកំណាត់ ដែលមានមុខកាត់ធំៗ។
ក្រោយពីការចុះបង្ក្រាបរួចមក កម្លាំងសមត្ថកិច្ច ចម្រុះធ្វើការដឹកជញ្ជូនឈើទាំងនោះយកមករក្សាទុកនៅស្នាក់ការសន្តិសុខលេខ៧៨៧ ដើម្បីរង់ចាំធ្វើការវាស់វែង ប៉ុន្តែនៅមិនទាន់ដឹងពីចំនួនឈើទាំងនេះនៅឡើយទេ។ ដោយឡែកឈ្មួញជាម្ចាស់ឈើខាងលើនេះ នៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments