Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី​កីឡាវាយកូនគោល​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​



ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​កីឡាវាយកូនគោល​និង​ជប់លៀង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ្គា​ឌិន ស៊ី ធី​។​

ការប្រកួត​កីឡាវាយកូនគោល​និង​ពិធីជប់លៀង​នេះ ​គឺ​ដើម្បី​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​សម្ពោធ​កាលពី​២៩​ ខែធ្នូ ​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​កីឡាវាយកូនគោល អស់​រយៈពេល​ពេញ​មួយថ្ងៃ​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ប្រកបដោយ​មោទនភាព និង​ពោរពេញ​ទៅដោយ​សេចក្ដី​សប្បាយរីករាយ។ នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បានរៀបចំ​ការប្រកួត​ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ​ក្នុង​គោលបំណង​បង្កើន​ស្មារតី​មិត្តភាព​សាមគ្គីភាព​រវាង​អ្នកលេង​កីឡាវាយកូនគោល​ផង និង​ចូលរួម​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ ផង​និង​ចូលឆ្នាំថ្មី​ឆ្នាំ​សាកល​ឆ្នាំ​២០១៩ ផងដែរ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា សហព័ន្ធ​កីឡាវាយកូនគោល​នៅ​កម្ពុជា​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ នៅពេលនេះ​យើង​មាន​ទីលាន​វាយកូនគោល​ចំនួន​១០​នៅ​តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប​, ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ​ហើយ​ត្រៀម​បង្កើត​ទីលាន​វាយកូនគោល​ថ្មីៗ​ថែមទៀត​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ ទន្ទឹមនឹង​នេះដែរ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​កំពុងតែ​ពង្រឹងសមត្ថភាព​វាយកូនគោល​ឲ្យ​កាន់​តែមាន​ឧត្តមភាព​ខ្ពស់​និង​សមិទ្ធផល​ដ៏​រឹងមាំ​ស្របតាម​យុទ្ធសាស្ត្រ ៤​ឆ្នាំ​រំកិល​របស់​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​គឺ​កម្ពុជា​ឆ្ពោះទៅរក​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​។ សម្តេច​ពិជ័យ​សេនា​បានបង្ហាញ​ក្តី​សង្ឃឹមថា នា​ថ្ងៃនេះ​និង​ថ្ងៃ​អនាគត​កីឡាវាយកូនគោល​កម្ពុជា​នឹងមាន​ការរីកចម្រើន​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​សមិទ្ធផល​ទាំងនេះ​ផ្ដើមចេញពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​រហូតដល់​សព្វថ្ងៃនេះ​។ ​តាមរយៈ​ការទទួលបាន​សន្តិភាព​និង​ការអភិវឌ្ឍ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​ពី​ប្រទេស​ដែល​ធ្លាប់មាន សង្គ្រាមរ៉ាំរ៉ៃ មាន​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​លើ​ប្រទេសជាតិ​ត្រូវ​ក្លាយទៅជា​ប្រទេស​ដែល​កំពុង​ទទួល​បានការ​អភិវឌ្ឍ​រីកចម្រើន​ព្រមទាំង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ប្រជាជន​ទទួល​បាន​សុភមង្គល​ជីវភាព​ធូរធារ​រហូត​មានមុខមាត់​អាច​ឈរលើ​ឆាក​អន្តរជាតិ​និង​ស្មើមុខស្មើមាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​សព្វថ្ងៃនេះ​។​

តាម​របាយការណ៍​រប​ស់លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បានអោយដឹងថា ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​អបអរ​សាទរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ និង​ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​គឺមាន​កីឡាករ​-​ការិនី​ជាតិ​និង​អន្តរជាតិ​ចូលរួម​ជាង​២០០ នាក់​ក្នុងនោះ​មាន​ទូត​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល កីឡាករ​-​ការិនី កម្រិត​អាជីព​ដែល​រួមមាន​កីឡាករ​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រកួត​សរុប​ចំនួន ១៩៩​នាក់ ក្នុង​នោះ​មាន​កីឡាករ​បរទេស​ចំនួន ៦៧​នាក់ ដែល ១១ នាក់​ជា ឯកអគ្គរាជទូត រដ្ឋទូត ប្រចាំ​នៅ​កម្ពុជា​ដែល​មកពី​១០ ប្រទេស​ដូចជា អាល្លឺម៉ង់​, ប៉ា​គី​ស្ថាន​, ឡាវ​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី​, ថៃ​, វៀតណាម​, ចិន និង​កូរ៉េ និង ៥៦​នាក់​ផ្សេងទៀត ជា​ធុរកិច្ច​ជន​មកពី​ប្រទេស សិង្ហ​បុរី​, អាល្លឺម៉ង់​, ប៉ា​គី​ស្ថាន​, ឡាវ​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ថៃ វៀតណាម​, ចិន និង​កូរ៉េ​។

ដោយឡែក​ការប្រកួត​ជា​ក្រុម​មាន​ចំនួន ៦៩​នាក់ និង​ឯកត្តជន​ចំនួន ១៣០ នាក់ ក្នុងនោះ​កីឡាការិនី​ចំនួន ២០​នាក់។ លោក ជា បូរ៉ា បាន​ឲ្យ​ដឹង​ទៀតថា ព្រឹត្តិការណ៍​វាយកូនគោល​នេះ បាន​ចែកចេញជា​៤​វិញ្ញាសា គឺ​១. វិញ្ញាសា​ប្រកួត​ក្រុម​សម្រាប់​កីឡា​មិនមែន​អាជីព​ចាប់ពី​អាយុ ៥០ ឆ្នាំ​ឡើងទៅ​,២.​វិញ្ញាសា​ប្រកួត​ឯកត្តជន​កីឡាករ​មាន​ហា​នី​កាប់​, ៣.​ប្រកួត​ឯកត្តជន​កីឡាករ​គ្មាន​ហា​នី​កាប់ និង ៤.​វិញ្ញាសា​ប្រកួត​ឯកត្តជន​នារី​។​

ចំពោះ​លទ្ធផល​វិញ្ញាសា​ប្រកួត​ជា​ក្រុម ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​សម្តេច​ពិជ័យ​សេនា ទៀ បា ញ់ ដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ,​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់​និង​ឧ​ត្ត​ម​សេនីយ៍ លី កុសល​។ ក្រោយពី​ការប្រកួត​ពេញ​មួយ​ថ្ងៃនេះ ជា​លទ្ធផល ជ័យលាភី​លេខ​១ បាន​ទៅលើ​ក្រុមកីឡា​វាយកូនគោល​រប​ស់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។ លេខ​២​បាន​ទៅលើ​ក្រុមកីឡា​វាយកូនគោល របស់លោក ចម ប្រសិទ្ធ និង​លេខ​៣ បាន​ទៅលើ​ក្រុមកីឡា​វាយកូនគោល​រប​ស់ លោក នាង ផាត​។ ចំពោះ​លទ្ធផល ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ក្នុងការ​ប្រកួត​ជា​ឯកត្តជន​វិញ គឺ​កីឡាករ កីឡាការិនី​ដែល​ទទួល​ពានរង្វាន់​មាន​ចំនួន​១៨​នាក់​។​លទ្ធផល​វិញ្ញាសា​ឯកត្តជន​ដែលមាន​ហា​នី​កាប់​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​លោក​ហេង សុខ​ម៉េង ។​លទ្ធផល​លើ​វិញ្ញាសា​ឯកត្តជន​កីឡាករ​ដែល​គ្មាន​ហា​នី​កាប់​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លោក ចេង ហេង។​ ល​ទ្ទ​ផល​វិញ្ញាសា​ប្រកួត​ផ្នែក​នារី​គឺ​លេខ​១ បាន​ទៅ​កីឡាការិនី សាយ ស្រី​នី​, លេខ​២ កីឡាការិនី មួង សិលា​និង​លេខ​៣ កីឡាការិនី Cherry Ly​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ជូន​ដល់​កីឡាករ និង​កីឡាការិនី ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​កីឡាវាយកូនគោល​ក្នុងថ្ងៃនេះ និង​បានផ្តល់​កិត្តិយស​ថតរូប​អនុ​វស្សា​វ​រី​យ៍​ជាមួយ​ក្រុម​កីឡាករ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង ។​

​នៅ​ឱ​កាស​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក៏បាន​ប្រគល់​ពានរង្វាន់​កិត្តិយស​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជាការ​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ក្នុងឱកាស​នៃ​ការសម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង ការ​រម្លឹក​ខួប​២០​ឆ្នាំ​នៃ​ការ​ពន្លត់ភ្លើង​សង្គ្រាមស៊ីវិល នៅ​កម្ពុជា​តាម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ត​ច ហើយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ប្រគល់ជូន​ពានរង្វាន់​អនុស្សាវរីយ៍​ដល់​សម្តេច​ពញា​ចក្រី ហេង សំរិន ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu