កណ្ដាល ៖ ជនឆបោកម្នាក់ បានប្រើល្បិចបោកយកលុយពីថៅកែទិញអេតចាយបានលុយចំនួន៩០០ដុល្លារ រួចគេចខ្លួនបាត់អស់រយៈពេលជិត៣ខែ ទើបជនរងគ្រោះម្ចាស់លុយតាមរកឃើញវិញ ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នៅម្ដុំផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។
ជនឆបោកមាន ឈ្មោះ ជា សុខគា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមាន ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅ មុនពេលកើតហេតុ ជនសង្ស័យបានទៅជួបជនរងគ្រោះនៅស្ទឹងមានជ័យ ហើយនិយាយប្រាប់ជនរងគ្រោះថា ខ្លួនមានដែកអេតចាយម៉ៅពីរោងចក្របានច្រើននៅបែកចាន។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នា បាននាំគ្នាជិះរថយន្តចេញមកដើម្បីទិញដឹកអេតចាយ លុះមកដល់ផ្សារបែកចាន ជនសង្ស័យបានឲ្យជនរងគ្រោះឈប់រថយន្ត ហើយយកលុយពីជនរងគ្រោះចំនួន៩០០ដុល្លារ ដោយនិយាយកុហកថាចូលទិញអីវ៉ាន់បន្តិចសិន រួចគេចខ្លួនបាត់តែម្តង។
ប្រភពបន្ដថា លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ ទើបជនរងគ្រោះតាមរកជនសង្ស័យ ឃើញហើយនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានឆបោកជនរងគ្រោះយកលុយ អស់ចំនួន៩០០ដុល្លារសហរដ្ឋអាមេរិកប្រាកដមែន ហើយពេលនេះគេចាប់ខ្លួន ដូចពាក្យចាស់តែងពោលថា «កុកអាចភ្លេចជង់ តែជង់មិនអាចភ្លេចកុក ឡើយ»៕
Source: Kampuchea Thmey Daily
0 Comments