ភ្នំពេញ ៖ អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នាមួយចំនួន បានចូលរួមស្វែងយល់ពីប្រតិបត្តិការ និងការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទានក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងកម្ពុជា។
នៅពិធីជួបជុំអាហារថ្ងៃត្រង់រវាងអ្នកសារព័ត៌មានជាមួយការិយាល័យឥណទានកម្ពុជា(ស៊ីប៊ីស៊ី)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម បានធ្វើបទបង្ហាញចែករំលែកអំពីប្រវត្តិ និងក្របខ័ណ្ឌគតិយុត្តិនៃការបង្កើតការិយាល័យឥណទានកម្ពុជា ការចូលរួមចំណែករបស់ការិយាល័យឥណទានកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចប្រទេសកម្ពុជា។
បន្ថែមពីលើនេះ លោកស្រីក៏បានបង្ហាញពីសេវាដំណោះស្រាយអាជីវកម្មរបស់ស៊ីប៊ីស៊ី ដែលជួយដល់ស្ថាប័នជាសមាជិកក្នុងការគ្រប់គ្រងហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាពិសេស ចាប់ពីឆ្នាំ២០១៩តទៅ ការិយាល័យឥណទានកម្ពុជា នឹងដាក់អោយដំណើរការនូវប្រព័ន្ធរបាយការណ៍ឥណទានក្រុមហ៊ុនដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកអាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានអាជីវកម្ម។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា ៖ «អស់រយៈពេលជាង៦ឆ្នាំហើយដែលស៊ីប៊ីស៊ីបានដំណើរការក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកទាំង ១៥៨ស្ថាប័នអាចឆែករបាយការណ៍ឥណទានលក្ខណៈបុគ្គល (Credit Report) តាមរយៈប្រព័ន្ធរបស់ស៊ីប៊ីស៊ី។
តាមរយៈប្រព័ន្ធនេះ វាបានជួយរួមចំណែកដល់ការគ្រប់គ្រងហានិភ័យឥណទាន និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ស្ថាប័នជាសមាជិកក្នុងការសម្រេចចិត្ត ជួយដល់អតិថិជនក្នុងការស្វែងរកឥណទាន និង ជួយដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចទាំងមូល។ ដោយមើលឃើញអត្ថប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធ ទើបនៅឆ្នាំ ២០១៨នេះ ការិយាល័យឥណទានកម្ពុជាបានសហការជាមួយស្ថាប័នជាសមាជិក និងស្ថាប័នដៃគូរពាក់ព័ន្ធនានាក្នុងការបង្កើតប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន(នីតិបុគ្គល)»។
លោកបានបន្តថា ៖ «ជាលទ្ធផល យើងមានមោទនភាពក្នុងការដាក់អោយប្រើប្រាស់ប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន (នីតិបុគ្គល) ចាប់ពីខែមករា ឆ្នាំ ២០១៩តទៅ ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិក អាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានបាន»។
ក្រៅពីសេវាកម្មដែលបម្រើដល់ស្ថាប័នជាសមាជិក ស៊ីប៊ីស៊ីក៏អនុញ្ញាតអោយអតិថិជនទូទៅឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនបានដែរ ដែលបច្ចុប្បន្នតម្រូវអោយសាធារណជនអញ្ជើញមកការិយាល័យស៊ីប៊ីស៊ីផ្ទាល់។ ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយភាពជឿជាក់ និងតម្លាភាពជូនស្ថាប័នសមាជិក និង ប្រជាពលរដ្ឋទូទៅ។
ការិយាល័យឥណទានកម្ពុជា គ្រោងនឹងដាក់អោយដំណើរការជាផ្លូវការនូវ «សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ_Financial Health Check» តាមរយៈការសហការដៃគូជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ដែលអនុញ្ញាតអោយអតិថិជនអាចឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនបាន ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ នៅតាមសាខាមួយចំនួនរបស់ស្ថាប័នទាំងពីរ។ សេវាកម្មនេះ នឹងពង្រីកបន្ថែមជាមួយស្ថាប័នដៃគូក្នុងគោលដៅគ្របដណ្តប់ គ្រប់សាខាទូទាំងប្រទេសក្នុងឆ្នាំ២០១៩ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments