កណ្តាល ៖ ចោរម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកពញាឮ ខេត្តកណ្តាលចាប់ខ្លួនជាលើកទី២ ដោយចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិគេប្រព្រឹត្រកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិចតុទិស ឃុំវិហារលួង។
ជនសង្ស័យខាងលើឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូរបស់គេម៉ាកសង់កូរ៉េគ្មានស្លាកលេខ ជិះតែម្នាក់ឯងដើរធ្វើសកម្មភាពលួច។ លុះជិះមកដល់មុខផ្ទះជនរងគ្រោះឈ្មោះ ឌុក លីហេង អាយុ២១ឆ្នាំ មានទីលំនៅភូមិចតុទិស ចំណុចកើតហេតុខាងលើក៏បានឈប់ម៉ូតូចតទុក នៅផ្លូវរួចហើយក៏បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះដែលកំពុងតែដេកលក់នៅសំយាបមុខផ្ទះរបស់គាត់។
នៅពេលនោះ ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះចំនួន២គ្រឿងដែលកំពុងសាកថ្មនៅក្នុងផ្ទះខាងលើ។ នៅក្នុងគ្រានោះដែលជនសង្ស័យបានចេញមកវិញ សត្វឆ្កែបានព្រូស ធ្វើឲ្យជនរងគ្រោះដឹងខ្លួនក៏បានក្រោកដើរមើលស្រាប់តែឃើញជនសង្ស័យ ក៏បានសួរនាំ តែភ្លាមនោះជនសង្ស័យបានរត់ផ្លោះរបងផ្ទះបម្រុងគេចខ្លួនតែត្រូវបានជនរងគ្រោះនិងក្រុមគ្រូសារចាប់ខ្លួនបានឆែកហោប៉ៅខោជនសង្ស័យឃើញមានទូរស័ព្ទរបស់ខ្លួនចំនួន២គ្រឿងទើប ឃាត់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់តែម្តង។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានមានប្រសាសន៍បញ្ជាក់ថា តាមឯកសារតម្កល់ទុកជនសង្ស័យឈ្មោះ ជួន វិចិត្រនេះ ធ្លាប់បានជាប់ពន្ធនាគារនៅខេត្តកណ្តាល រយៈពេល១ឆ្នាំម្តងមកហើយ ពីបទលួចទ្រព្យសម្បត្តិគេ ដូច្នេះដែរ ប៉ុន្តែមិនព្រមរាងចាលនិងកែខ្លួន ឥឡូវមកធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេទៀត ត្រូវបញ្ជូនទៅដាក់គុកជាលើកទី២ទៀត៕
Source: Kampuchea Thmey Daily
0 Comments