ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួនបុរស២នាក់ ដែលដើរអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលមិនកត់កន្ទុយលេខឲ្យពួកគេ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យដែលតុលាការឃុំខ្លួន ទី១-ឈ្មោះ ឆាំ ភា ភេទប្រុស មុខរបរយោធា។ ជនជាប់ចោទទី២-ឈ្មោះ កើត សីហា ភេទប្រុស អាយុ៣០ឆ្នាំ ទាំង២នាក់ ស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ ត្រូវប្រជាពលរដ្ឋមួយចំនួនដែលមានមុខរបរកត់កន្ទុយលេខនៅតាមផ្សារបានប្ដឹងសមត្ថកិច្ចអាវុធហត្ថ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ខណៈពួកគេដើរអុកឡុកវាយរបស់របរអ្នកកត់កន្ទុយលេខទាំងឡាយណា ដែលមិនព្រមធ្វើជាកូនកញ្ច្រែងឲ្យពួកគេ។
ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនឡើងតុលាការ ហើយតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតនាពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments