នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានទទួលអាណត្តិទីបួនជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតមួយដែលគណបក្សប្រឆាំងរិះគន់ថា មិនសមហេតុសមផលដោយអះអាងអំពីការបន្លំសន្លឹកឆ្នោតនិងការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រទាំងសងខាងដែលបានសម្លាប់មនុស្សយ៉ាងតិច១៧នាក់។
លោក Helal Uddin Ahmed រដ្ឋលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា គណបក្ស Awami League កំពុងកាន់អំណាចរបស់លោកស្រី Hasina និងសម្ព័ន្ធភាពរបស់ខ្លួនបានឈ្នះ២៨៨អាសនៈនៅក្នុងសភាដែលមាន៣០០អាសនៈ។
រដ្ឋាភិបាលរបស់លោកស្រី Hasina បានចាត់វិធានការបង្ក្រាបគណបក្សប្រឆាំង Bangladesh National Party (BNP) ដែលបានជំរុញឲ្យគណៈកម្មការបោះឆ្នោតជាតិលុបចោលលទ្ធផលនេះ។
លោក Kamal Hossain ដែលជាអ្នកដឹកនាំសម្ព័ន្ធភាពនេះបាននិយាយប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងទាមទារឲ្យមានការបោះឆ្នោតថ្មីមួយត្រូវបានរៀបចំឡើងនៅក្រោមរដ្ឋាភិបាលអព្យាក្រឹត្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
អំពើហិង្សាសម្លាប់មនុស្សនិងជម្លោះដ៏ជូរចត់ដែលរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោតគឺបានរាលដាលទៅដល់ថ្ងៃបោះឆ្នោតថ្វីបើអាជ្ញាធរបានដាក់សន្តិសុខយ៉ាងតឹងរ៉ឹងខណៈកងទ័ព ប៉ូលិសនិងកងកម្លាំងសន្តិសុខផ្សេងទៀតសរុប៦០០,០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសក៏ដោយ។
ប៉ូលិសបាននិយាយថា មនុស្សចំនួន១៣នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រគណបក្ស Awami League និង BNP ខណៈដែលបុរស៣នាក់ត្រូវបានបាញ់ដោយប៉ូលិសដែលនិយាយថា ពួកគេកំពុងការពារបន្ទប់បោះឆ្នោត។
យោងតាមមន្ត្រីបាននិយាយថា សមាជិកប៉ូលិសជំនួយម្នាក់ក៏ត្រូវបានសម្លាប់ផងដែរដោយក្រុមសកម្មជនបក្សប្រឆាំងប្រដាប់អាវុធ។
សម្ព័ន្ធភាពប្រឆាំងកាលពីថ្ងៃអាទិត្យបានចោទប្រកាន់គណបក្សរបស់លោកស្រី Hasina ថាបានប្រើប្រាស់ប្រអប់សន្លឹកឆ្នោតដែលមានសន្លឹកឆ្នោតក្នុងនោះស្រាប់និងវត្ថុខុសច្បាប់ដទៃទៀតដើម្បីជួសជុលលទ្ធផល។
អ្នកនាំពាក្យគណៈកម្មការបោះឆ្នោតបង់ក្លាដែសលោក S.M. Asaduzzaman បានប្រាប់ AFP ថា ខ្លួនបានទទួលការចោទប្រកាន់ពីភាពមិនប្រក្រតីមួយចំនួនហើយកំពុងធ្វើការស៊ើបអង្កេត។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Hasina មិនបានឆ្លើយតបភ្លាមៗទៅនឹងការចោទប្រកាន់នេះទេប៉ុន្តែបាននិយាយមុនការបោះឆ្នោតថា វានឹងមានលក្ខណៈសេរីនិងយុត្តិធម៌៕ AFP
Source: Kampuchea Thmey Daily
0 Comments