ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ១៥លើក ( យប់ ៨លើក ) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ ( ប្រុស ) រងរបួសធ្ងន់១៨នាក់ ( ស្រី៣នាក់ ) និងរងរបួសស្រាល៧នាក់ ( ស្រី៣នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព១៨នាក់ (យប់១៨នាក់)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បានបណ្ដាលឲ្យមានការខូចខាតយានយន្តសរុប២៧គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូច ចំនួន៧គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង យានផ្សេងៗ ចំនួន៤គ្រឿង និងអ្នកថ្មើរជើង ចំនួន២នាក់។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន៦លើក ( ស្លាប់៦នាក់ ) , មិនប្រកាន់ស្តាំ៣លើក , មិនគោរពសិទ្ធិ៣លើក ( ស្លាប់១នាក់ ) , ប្រជែងគ្រោះថ្នាក់២លើក , និងបត់គ្រោះថ្នាក់១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន ផ្លូវជាតិ ចំនួន៧លើក ផ្លូវខេត្ត ចំនួន៦លើក និងផ្លូវលំ ចំនួន២លើក។ ដោយឡែកយានយន្តដែលបង្កហេតុរួមមាន ម៉ូតូ ចំនួន៩លើក រថយន្តធុនតូច ចំនួន៥លើក និងរថយន្តធុនធំ ចំនួន១លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ខេត្តកំពង់ចាម៤លើក ស្លាប់២នាក់ របួស៤នាក់ ខេត្តកំពត១លើក ស្លាប់២នាក់ ខេត្តកំពង់ស្ពឺ២លើក ស្លាប់១នាក់ របួស២នាក់ និងខេត្តបន្ទាយមានជ័យ១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង២៨៣លើក បណ្ដាលឲ្យមនុស្សស្លាប់១៣៥នាក់ របួសសរុប ៤១១នាក់ ក្នុងនោះរបួសធ្ងន់២៨៣នាក់ និងរងរបួសស្រាល១២៨នាក់៕
Source: Kampuchea Thmey Daily
0 Comments