មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅឆ្នាំក្រោយដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ លោកបានប្តេជ្ញាបែបនេះនៅក្នុងលិខិតដ៏កម្រមួយផ្ញើទៅឲ្យទីក្រុងសេអ៊ូល។
មេដឹកនាំនៃប្រទេសកូរ៉េខាងជើងបានជួបជាមួយលោក មូន បីដងរួចមកហើយក្នុងឆ្នាំ២០១៨ដោយក្នុងនោះមានពីរដងនៅឯភូមិបទឈប់បាញ់ព្រំដែន Panmunjom និងម្តងនៅទីក្រុងព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងខណៈពេលមានការបង្រួបបង្រួមគ្នាឆ្ពោះទៅរកសន្តិភាព។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមូននៅទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា លោកគីមបានសន្យាថានឹងធ្វើទស្សនកិច្ចត្រលប់ទៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងវិញក្នុងពេលវេលាឆាប់បំផុតដែលជាហេតុធ្វើឲ្យមានការរំពឹងទុកថា លោកអាចនឹងធ្វើទស្សនកិច្ចនៅចុងឆ្នាំនេះ។
អ្នកនាំពាក្យរបស់លោកមូនបាននិយាយថា ប៉ុន្តែការធ្វើដំណើរដែលមានការរំពឹងទុកយ៉ាងខ្លាំងនោះគឺមិនទាន់បានធ្វើនៅឡើយទេដែលបណ្តាលឲ្យអ្នកគ្រប់គ្រងវ័យក្មេងរូបនេះមានការសោកស្តាយយ៉ាងខ្លាំង។ នេះបើយោងតាមលិខិតរបស់លោកគីមដែលបានផ្ញើទៅនៅចុងឆ្នាំ។
លោក Kim Eui-kyeom បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំរបស់កូរ៉េខាងជើងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលខណៈកំពុងមើលស្ថានភាពនាពេលអនាគត។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា លោកគីមជុងអ៊ុនក៏បានបង្ហាញចេតនាដើម្បីជួបជាមួយលោកមូនជាញឹកញាប់នៅឆ្នាំ២០១៩ផងដែរដើម្បីបន្តស្វែងរកសន្តិភាពនិងដោះស្រាយបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបនេះជាមួយគ្នា។
លោក មូន បានស្វាគមន៍លិខិតចុងក្រោយបំផុតនេះដោយនិយាយថា លោកគីមក៏បានសម្តែងនូវចេតនាយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកមុនរបស់លោកជាមួយអាមេរិកនិងកូរ៉េខាងត្បូងផងដែរ។
គួរបញ្ជាក់ជាថ្មីថា ប្រទេសជិតខាងទាំងពីរនេះ នៅតែមានសង្គ្រាមបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣បានបញ្ចប់ទៅដោយបទឈប់បាញ់គ្នាមិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments