កំពង់ចាម ៖ បុរសម្នាក់ បានរងរបួសជាទម្ងន់ ដោយការលបប្រហារពីជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ព្រួញចំក្បាល ខណៈដែលជនរងគ្រោះកំពុងដេកនៅលើផ្ទះរបស់ខ្លួន។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ការលបប្រហារនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១ ទៅលើជនរងគ្រោះ ឈ្មោះ មឿន ចាន់ថា ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុខាងលើ ពីក្រោមផ្ទះតាមប្រឡោះរនាបឫស្សីបាក់ ក្នុងខណៈដែលឈ្មោះ មឿន ចាន់ថា កំពុងដេក នៅលើផ្ទះរបស់ខ្លួន ត្រូវចំសៀតផ្កាខាងស្តាំជាប់ផ្លែព្រួញបណ្តាលឲ្យសន្លប់បាត់ស្មារតី។
លោកអធិការបានបញ្ជាក់ថា ផ្ទះជនរងគ្រោះមានកម្ពស់២ម៉ែត្រ៤០ ពីដី ហើយកន្លែងដែលជនរងគ្រោះដេកមានរនាបឫស្សីបាក់មួយបន្ទះ ជាប្រឡោះងាយស្រួលដល់ជនល្មើសធ្វើសកម្មភាព។
លោកអធិការបានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានជួយសង្គ្រោះ ដោយបញ្ជូនតាមរយៈរថយន្តពេទ្យបង្អែកស្រុកស្ទឹងត្រង់ទៅមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកអធិការបញ្ជាក់ថា ចំពោះជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក៏មិនទាន់ដឹងមូលហេតុដែរ ដោយជនរងគ្រោះ រងរបួសធ្ងន់ធ្ងរពេកមិនអាចបំភ្លឺបាន។
ក្នុងករណីនេះ សមត្ថកិច្ច បាននិងកំពុងបើកការស្រាវជ្រាវនិងចងក្រងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments