រតនគិរី ៖ ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តតូយ៉ូតា បានបុកទៅលើសួនច្បារទ្រូងផ្លូវ ហើយបន្តទៅបុកម៉ូតូយ៉ាងពេញទំហឹង ខណៈកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចសួនច្បារមុខសាលាខេត្ត លើផ្លូវជាតិលេខ៧៨A ស្ថិត នៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក ឈិន ថេន នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តបានឲ្យកម្ពុជាថ្មី ដឹងថា ក្មេងស្រីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខរតនគិរី១B-៤៥៣០ មានឈ្មោះ ស៊ាន សេងលាវ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជិះក្នុងទិសដៅពីត្បូងទៅជើង។
ចំណែករថយន្តបង្កមួយគ្រឿងម៉ាកតូយ៉ូតា (តាកូម៉ា) មួយបាំងកន្លះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២N-២៥៧៩ បើកបរដោយឈ្មោះ ឈុំ សុផា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
រីឯអ្នករួមដំណើរឈ្មោះ ជាង វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ឡាន) ស្នាក់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
លោកថា ខណៈអ្នកបើកបររថយន្តបង្កបានបើកចេញពីហាងស៊ីផឹកមួយកន្លែងនៅក្បែរនោះ ក្រោយពីបានស៊ីផឹករួចហើយនោះ បាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានជ្រុលចង្កូតឡើងទៅលើសួនច្បារទ្រូងផ្លូវនៅមុខសាលាខេត្ត គ្រាដែលម៉ូតូស្កូពីមកដល់ក៏បុកចំពីមុខ ហើយកិនលើម៉ូតូនៅក្រោមរថយន្ត ហើយបោកក្បាលក្មេងស្រីទៅហ្នឹងផ្លូវថ្នល់ស្លាប់ភ្លាមៗមួយរំពេចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះមកអន្តរាគមន៍ទំនាក់ទំនងទៅសាច់ញាតិយកសពទៅតម្កល់ទុកនៅវត្តភូមិថ្មី ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។
ដោយឡែក វត្ថុតាងទាំង២គ្រឿង ត្រូវបាននគរបាលរឹបអូសយកមកការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន អ្នកបើកបររថយន្តបង្កហេតុ ធ្វើឲ្យមនុស្សស្លាប់នោះ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments