សៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង ខណៈកំពុងទម្លាក់ចូលដេប៉ូឈើ យីហោ ឃុត ប៉ុន។
នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ម៉េង សំណាង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្ត និងមានការសម្របសម្រួលពី លោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តបានឃាត់រថយន្តខាងលើជាក់ស្ដែងតែម្ដង។
លោកបន្តថា រថយន្តខាងលើកំពុងទម្លាក់ឈើប្រភេទលេខ២ ចូលក្នុងដេប៉ូលក់ឈើឈ្មោះ ឃុត ប៉ុន នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
រថយន្តម៉ាកហ៊ី យាន់ដាយ គ្មានស្លាកលេខ ផ្ទុកឈើប្រភេទលេខ២ចំនួន៤,៩០ម៉ែត្រគូប ដែលមានម្ចាស់ឈ្មោះ ចាន់ ណា។
លោកបញ្ជាក់ថា ដោយសារហួសម៉ោងរដ្ឋបាលទើបរង់ចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វត្ថុតាង រួមទាំងមធ្យោបាយដឹកបទល្មើស នឹងបញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម ជាអ្នកថែរក្សាបន្ត។
ប្រភពបានបង្ហើបថា ក្រុមឈ្មួញឈើកំពុងសម្រុកដឹកឈើចេញពីខេត្តព្រះវិហារចូលមកខេត្តសៀមរាប យ៉ាងគឃ្លើន ខណៈគេសង្ស័យថា សមត្ថកិច្ចជំនាញមួយចំនួនបើកភ្លើងខៀវឲ្យមានបទល្មើសទាំងនេះកើតឡើង ជាថ្នូរនឹងលាភសក្ការៈ គ្មានគិតពីការកាប់បំផ្លាញ និងដឹកជញ្ជូនឈើសោះឡើយ។
គេសង្ឃឹមថា លោកអភិបាលខេត្តថ្មីថ្មោង និងក្រសួងពាក់ព័ន្ធ អាចចុះចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕
Source: Kampuchea Thmey Daily
0 Comments