ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអះអាងថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ដូច្នេះការត្រឡប់ចូលប្រទេសវិញ ឬមិនចូល វាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯង គ្មានអ្នកណាហាមឃាត់ឡើយ ចំណែកដីកាចាប់ខ្លួនក៏ត្រូវបានប្រកាសជាសាធារណៈហើយដែរ មិនមានអ្វីជាអាថ៌កំបាំងឡើយ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ នៅក្នុងលិខិតបដិសេធមួយ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨ និងបន្ទាប់ពីលោក សម រង្សី បាននិយាយនៅតាមវិទ្យុផ្សាយសំឡេងជាភាសាខ្មែរ បម្រើឲ្យបរទេសមួយថា សម្តេច ស ខេង បានប្រាប់លោកដោយផ្ទាល់មាត់ថា សម្តេចមានការពិបាកក្នុងការធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន សម្តេច ស ខេង គឺជាអ្នកដែលបានផ្តល់យោបល់ឱ្យលោកកុំឲ្យអាលវិលត្រឡប់មកកម្ពុជាវិញ ចាំរៀបចំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួចសិន។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “ថ្មីៗនេះក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយចោទប្រកាន់ មួលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសមកលើរូបខ្ញុំ អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក។ ការលើកឡើងរបស់លោក សម រង្ស៊ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញនោះ គឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ”។ សម្តេច ស ខេង បញ្ជាក់ថា “ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះ ខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៊ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកា ដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ”។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា “ខ្ញុំសូមបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ។ ទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។ ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់ខ្ញុំចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វីជាអាថ៌កំបាំងឡើយ។ ការដែល សម រង្ស៊ី និយាយថា ខ្ញុំមានការលំបាកធ្វើការជាមួយ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ ប្រការនេះសម រង្ស៊ី ចង់ឲ្យសាធារណៈមតិ មានការភ័ន្តច្រលំមកលើរូបខ្ញុំ និងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ”។
តាមសម្តេចក្រឡាហោម ស ខេង “សម រង្ស៊ី ទេ ដែលខ្ញុំពិបាកធ្វើការជាមួយ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំនិងសម រង្ស៊ី បានជជែកគ្នាតាមទូរស័ព្ទ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។ ខ្ញុំបានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ និង សម រង្ស៊ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះនៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុកពេលចាប់ផ្តើមភ្លាម កឹម សុខា បានជំទាស់នឹងសេចក្តីព្រាងនោះ ទាំងស្រុងដែលនាំឲ្យកិច្ចចរចារត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត។ បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡេចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថា គឺ សម រង្ស៊ី ទេជាអ្នកបោកខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ហាជាតិ ជាង៤០ឆ្នាំកន្លងមកហើយ។ ជោគជ័យនៃការបោះឆ្នោតអាណត្តិទី៦ កន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់តាមរយៈនូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជា”។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែធ្នូ លោក សម រង្ស៊ី បានថ្លែងនៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីថា សម្តេចក្រឡាហោម ស ខេង បានប្រាប់លោកដោយផ្ទាល់មាត់ថា សម្តេចមានការពិបាកក្នុងការធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក្រឡាហោម ស ខេង គឺជាអ្នកដែលបានផ្តល់យោបល់ឱ្យលោកកុំទាន់អាលវិលត្រឡប់ទៅកម្ពុជាវិញ ក្នុងស្ថានភាពដែលនយោបាយកំពុងតានតឹង។ លោក សម រង្ស៊ី បញ្ជាក់ថា សម្តេច ស ខេង និងរូបលោក បានជជែកគ្នាពីផែនការបោះឆ្នោតទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតួនាទីជានាយករដ្ឋមន្ត្រី តាមរយៈការប្រើប្រាស់យន្តការសភា ក៏ប៉ុន្តែផែនការនេះត្រូវបានផ្អាកទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments