ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជាមេតុងទីនប្រចាំបុរីកន្តូក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់កូនតុងទីនជាច្រើននាក់ មានទឹកប្រាក់ប្រមាណ៩ម៉ឺនដុល្លារអាមេរិក។
ជនសង្ស័យ ឈ្មោះ ជួប សៅណា អាយុ៣៩ឆ្នាំ មានមុខរបរជាមេតុងទីន មានទីលំនៅក្នុងបុរីកន្តូក សង្កាត់កន្តូក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កន្លងទៅ លោកស្រី ជួប សៅណា បាន ប្រមែប្រមូលពលរដ្ឋដែលរស់នៅក្នុងបុរីកន្តូកលេងតុងទីនជាច្រើនក្បាល មានទាំងលុយដុល្លារ និងលុយរៀល ដោយគាត់ធ្វើជាមេផាកហួរតែម្ដង។ ក្នុងពេលលេងកន្លងទៅ មេតុងទីនរូបនេះតែងតែប្រមូលលុយពីអ្នកលេងតុងទីនទាំងអស់បង់ឲ្យអ្នកដែលដេញបាន តាមកាលកំណត់ លុះមួយរយៈក្រោយនេះ មេតុងទីនបានដេញប្រមូលយកខ្លួនឯងគ្រប់តែក្បាល មានទឹកប្រាក់ប្រមាណ៩ម៉ឺនដុល្លារ ពេលដេញយកខ្លួនឯងហើយ មេតុងទីនរូបនេះក៏ប្រកាសរំសាយឈប់លេង ថែមទាំងមិនព្រមបង់ប្រាក់ឲ្យកូនតុងទីនដែលមិនទាន់បានដេញទៀតផង ទើបអ្នកដែលមិនទាន់ដេញបាន ក៏រួមគ្នាដសក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថដើម្បីចាត់ការតាមច្បាប់។
ក្នុងនោះ ក្រោយពីទទួលពាក្យបណ្ដឹងហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីពិនិត្យ។
ដំបូងឡើយសំណុំរឿងតុងទីននេះ ស្ថិតក្នុងចំណាត់ការរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងចាត់ការជាបន្តបន្ទាប់ តែជនសង្ស័យមិនព្រមចូលខ្លួនមកឆ្លើយបំភ្លឺ ទើប លោក សៀង សុខ ចេញដីកាបញ្ជាឲ្យចូលខ្លួនតែម្ដង។
រហូតដល់ថ្ងៃទី៣១ធ្នូ សមត្ថកិច្ចអាវុធហត្ថ ក៏បាននាំខ្លួន លោកស្រី ជួប សៅណា មកអយ្យការ ប៉ុន្តែដោយសារ លោក សៀង សុខ បានផ្លាស់ទៅបម្រើការជាព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុ សំណុំរឿងតុងទីននេះ ក៏បានចាត់មកឲ្យ លោក ប្លង់ សុផល ជាអ្នកចាត់ការជំនួសវិញ។ រហូតមកដល់ពេលនេះ តំណាងអយ្យការមិនទាន់បានសាកសួរមេតុងទីនកន្តូកនេះទេ៕
Source: Kampuchea Thmey Daily
0 Comments