Ad Code

លោកជំទាវ សម មុន្និ​កា ចុះមក​បំភ្លឺ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា បាន​ទិញ​ដី​ពី​លោក ជួន ធៀប ចំនួន​១០២​ហិកតា នៅ​ឃុំ​ក្រាំង​ស្គារ មិនមែន​តែ​៨០​ហិកតា នោះ​ទេ



កំពង់ឆ្នាំង ​៖​ នៅក្នុង​រឿង​ទំនាស់​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ មុន​នេះ ​លោក​ជំទាវ សម មុន្នី​កា បាន​ចុះ​ដល់ទី​តាំង​ដី​ទំនាស់ ​ដោយ​ឆ្លើយ​បំភ្លឺ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ថា​ ៖ លោកជំទាវ​បាន​ទិញ​ដី​ពី​ លោក ជួន ធៀប ចំនួន​១០២​ហិកតា មិនមែន​ទិញ​៨០​ហិកតា ដូច​លោក ជួន ធៀប បាន​ប្រាប់​អ្នកសារព័ត៌មាន​នោះឡើយ។ ចំណែក​ការលើក​ភ្លឺ​ក្រវាត់​ព្រំ​ដី​នេះ ​គឺ​ធ្វើតាម​ លោក ជួន ធៀប ជា​អ្នក​ចង្អុលបង្ហាញ ដើម្បី​ឲ្យ​មន្ត្រី​សុរិយោដី​វាស់វែង​តែប៉ុណ្ណោះ​ មិនបាន​បំពាន​ទៅលើ​ដី​ដូច​មាន​គេ​ចោទប្រកាន់​ឡើយ។ .​ ​

លោកជំទាវ សម មុន្នី​កា បាន​បំភ្លឺ​ចំពោះមុខ​ក្រុម​សារព័ត៌មាន​ជាច្រើន​នាក់​ថា លោកជំទាវ​បាន​ស្គាល់​លោក ជួន ធៀប និង​បាន​ក្លាយជា​បងប្អូន​ធម៌​នឹង​គ្នា​ទៀតផង ដោយនៅ​ឆ្នាំ​២០០២ លោក ជួន ធៀប បាន​ទៅដល់​ផ្ទះ​គាត់ ​ហើយ​បាន​សុំឲ្យ​គាត់​ជួយ​ទិញ​ដី​ចំនួន​៧២​ហិកតា គឺ​បានធ្វើ​លិខិត​ទិញ​លក់​ដី និង​លិខិត​ប្រគល់​លុយ ​ទទួល​លុយកាក់​ត្រឹមត្រូវ​ច្បាស់លាស់​ផង​ដែរ។ នៅ​ឆ្នាំ​២០០៣ លោក ជួន ធៀប បាន​ទៅ​ម្ដង​ទៀត​ថា គាត់​ទាល់​លុយ ​សុំឲ្យ​គាត់​ជួយ​ទិញ​ដី​ចំនួន​៣០​ហិកតា​ទៀត សរុប​ គឺ ១០២​ហិកតា មិនមែន​ដី៨០​ហិកតា​ដូច​ លោក ជួន ធៀប ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នោះ​ឡើយ​។​

ចំណែក​ការទិញ​លក់ ទាំង​២​លើក គឺមាន​កំណត់ហេតុ​ច្បាស់លាស់ ដោយមាន​លេខ​ក្បាលដី​ច្រើន​ប្លង់ និង​មានការ​សរសេរ​ដៃ​ដោយ ​លោក ជួន ធៀប ខ្លួនឯង និង​មាន​ស្នាម​មេដៃ​ លោក ជួន ធៀប ត្រឹម​ត្រូវ​ទៀត​ផង។

ក្រោយមក​ ​​ដោយសារ​លោកជំទាវ ជាប់រវល់​ពេក​យូរៗ​ ឆ្លៀត មក​ជួប ជួន ធឿ​ប សុំឲ្យ​វាស់វែង​ដី តែ​ត្រូវ លោក ជួន ធៀប ថា​ជាប់រវល់ ហើយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចេះតែ​ពន្យារ​ពេល​រហូតមក និង​ពេលខ្លះ លោក ជួន ធៀប ថា​ចាំ​លក់​សរុប​ទាំងអស់គ្នា​ទៅ។ ដោយ​ចុងក្រោយ​លោក ជួន ធៀប បាន​ព្រម​វាស់​កំណត់​ព្រំ​ដី​ ដោយមាន​ខាង​មន្ត្រី​សុរិយោដី​ស្រុក​ទឹកផុស ចុះមក​វាស់វែង​ជាមួយ ​លោក ជួន ធៀប បានកំណត់​ព្រំ​ដី​ ត្រឹម​ចំណុច​ លោក​ជំទាវ​កំពុង​ឈរ​បង្ហាញ​នេះ ដោយ​លោកជំទាវ​បាន​បញ្ជាក់​ថា​ លោកជំទាវ មិនបាន​រំលោភ​យក​ដី​អ្នកណា​នោះឡើយ គឺ​ទិញ​ពី​ លោក ​ជួន ធៀប ១០២ ហិកតា ដោយមាន​គូរ​ប្លង់​ដោយ​មន្ត្រី​សុរិយោដី​ទៀតផង។ ដូច្នេះ​លោក​ជំទាវ សុំ​បដិសេធ​​ថា​មិនមែន​ទិញ​ដី​តែ​៨០​ហិកតា​ដូច​ការលើកឡើង​របស់​ លោក ​ជួន ធៀប នោះទេ គឺ​ចំនួន​១០២​ហិកតា ដោយមាន​ក្បាល​ដី​ជាប់​ផ្លូវ​ប្រវែង១៥០​ម៉ែត្រ។ .​ ​ដោយឡែក​ កន្លងមក​ថ្មីៗ​នេះ លោក ជួន ធៀប បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ធ្លាប់បាន​លក់​ដី​ចំនួន​៨០​ទៅឲ្យ​លោកជំទាវ សម មុន្នី​កា គឺ​ដី​ស្ថិតក្នុង​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​ផុស។ ប៉ុន្តែ​ក្រោយ​ពី​សារព័ត៌មាន បាន​ផ្សាយ​ទៅ​តាម លោក ជួន ធៀប អះអាង​នោះ ត្រូវបាន​លោក​ជំទាវ ចេញមុខ បំភ្លឺ​ដល់​ក្រុម​អ្នកសារព័ត៌មាន​វិញ​ថា ដី​ដែល​លោកជំទាវ​បាន​ទិញ គឺ​១០២​ហិកតា មាន​ឯកសារ​ត្រឹមត្រូវ។ ដូច្នេះ​ជុំវិញ​រឿង​ទំនាស់​ដីធ្លី​ខាងលើនេះ ទុក​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោះ​ស្រាយ​តាមច្បាប់​ចុះ សម្រាប់​អ្នកសារព័ត៌មាន គឺ​ផ្សាយ​តាម​ការលើកឡើង​របស់​ភាគី​ទាំង​២​តែ​ប៉ុណ្ណោះ ដោយ​សុំ​មិន​ធ្វើ​បកស្រាយ​បន្ថែម​អ្វី​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu