ភ្នំពេញ ៖ នាឱកាសចុះពិនិត្យលើការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជាង១.៣០០ហិកតា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ធ្នូ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រធានមន្ទីរ ធនធានទឹកខេត្តបន្ទាយមានជ័យ ខ្ចប់ទឹកទុកសង្គ្រោះ ខណៈកសិករធ្វើស្រែប្រាំង ជាង៤៧.០០០ហិកតា លើសផែនការ អាចប្រឈមនឹងការខ្វះខាតទឹក។
នៅក្នុងពេលចុះពិនិត្យនោះ លោករដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ដោយអនុវត្តទៅតាមការឯកភាពគ្នានៅក្នុងអង្គប្រជុំដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨ធ្នូ កន្លងទៅ ដោយមានការចូលរួមរវាងក្រសួង និងអាជ្ញាធរខេត្ត ក្រុងស្រុក សង្កាត់ ឃុំពាក់ព័ន្ធ។ ក្នុងន័យនេះ ការអន្តរាគមន៍ គឺយើងនៅតែបន្ត ប៉ុន្តែក៏ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះការថែរក្សាទឹកទុកសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខដែរ។
លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា យោងតាមការព្យាករលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ យើងពិនិត្យឃើញថា ស្ថានភាពអាកាសធាតុ គឺមិនអំណោយផលទេ អាចរហូតដល់ពាក់កណ្ដាលខែឧសភា ទើបមានភ្លៀងធ្លាក់រាយប៉ាយ ទន្ទឹមនេះ អាកាសធាតុក៏ក្តៅហួតហែងខ្លាំង ដូចនេះការថែរក្សាទឹកទុកក្នុងគោលដៅសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជារឿងចាំបាច់ណាស់។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនលោករដ្ឋលេខាធិការថា មកដល់ពេលនេះ គឺចំពោះស្រូវវស្សាដែលបានផលិតលើផ្ទៃដី២៥០.៧៥០ ហិកតា ត្រូវបានបងប្អូនប្រជាកសិករបាន និងកំពុងប្រមូលផល ស្ទើរតែនឹងរួចរាល់ហើយ ពុំមានការប្រឈមនឹងបញ្ហាទឹកទេ។ ប៉ុន្តែអ្វីដែលនៅមានការប្រឈមនោះ គឺ ដំណាំស្រូវប្រាំង ដោយសារតែការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ គឺលើសផែនការកំណត់រហូតទៅដល់ជាង២១៣ ភាគរយ។
លោកប្រធានមន្ទីរបន្តថា ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការផលិតស្រូវប្រាំងលើផ្ទៃដី ២២.០០០ហិកតា ប៉ុន្តែមកដល់ពេលនេះ ការដាំដុះជាក់ស្ដែងរបស់បងប្អូនប្រជាកសិករ គឺបានរហូតដល់ជាង៤៧.០០០ហិកតា ហើយដូចនេះទើបធ្វើឲ្យមានការប្រឈម៕
Source: Kampuchea Thmey Daily
0 Comments