ក្រុមមន្ត្រីបាននិយាយថា យន្តហោះសង្កេតការណ៍របស់កងទ័ពអាកាសអាមេរិក បានហោះហើរលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងបេសកកម្មមួយ ដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះទីក្រុងគៀវ បន្ទាប់ពីរុស្ស៊ីរឹបអូសយកនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួន៣គ្រឿងនៅសមុទ្រ Azov។
ការប្រឈមមុខគ្នាកាលពីថ្ងៃទី២៥ខែវិច្ឆិកាគឺជាឧបទ្ទវហេតុយោធាបើកចំហដំបូងបង្អស់រវាងក្រុងគៀវនិងក្រុងមូស្គូចាប់តាំងពីឆ្នាំ២០១៤មកនៅពេលដែលប្រទេសរុស្ស៊ីកាត់បញ្ចូលតំបន់ Crimea ជាឧបសម្ព័ន្ធនិងជម្លោះដែលផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានអនុវត្តការហោះហើរមិនធម្មតាមួយក្រោមសន្ធិសញ្ញា “មេឃបើកចំហ”។ ពេលវេលានៃការហោះហើរនេះគឺដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែននិងប្រជាជាតិជាដៃគូដទៃទៀត”។
សន្ធិសញ្ញាមេឃបើកចំហគឺសំដៅជំរុញតម្លាភាពខាងយោធាតាមរយៈការហោះហើរអង្កេតតាមដានដែលមិនមានអាវុធលើផ្ទៃដីនៃប្រទេសហត្ថលេខីនីមួយៗចំនួន៣៤។
មន្ទីរបញ្ចកោណបាននិយាយថា នេះគឺជាការហោះហើរ “មិនធម្មតា” លើកដំបូងក្រោមសន្ធិសញ្ញាមេឃបើកចំហចាប់តាំងពីឆ្នាំ២០១៤មក។ ការហោះហើរបែបនេះគឺកើតឡើងក្រៅពីកាលវិភាគនៃប្រតិបត្តិការធម្មតាដែលគ្រោងទុកនៅពេលមានស្ថានភាពមិនប្រក្រតីកើតឡើង។
គួរបញ្ជាក់ថា បន្ទាប់ពីឧបទ្ទវហេតុកាលពីខែមុន ប្រទេសរុស្សីបាននាំខ្លួននាវិកអ៊ុយក្រែនចំនួន២៤នាក់ទៅក្នុងមន្ទីរឃុំឃាំង។ នាវិកទាំងនេះបានបង្ហាញខ្លួននៅមុខតុលាការមួយក្នុងទីក្រុង Simferopol ដែលជាទីក្រុងសំខាន់មួយនៅក្នុងតំបន់ Crimea ហើយបានបញ្ជាអោយឃុំឃាំងមុនការកាត់ទោសសម្រាប់រយៈពេលពីរខែ៕ AFP
Source: Kampuchea Thmey Daily
0 Comments