ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលុចស៊ីស៤៧០មួយគ្រឿង ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបែកអស់២កង់ រួចរុញទៅផ្ទប់នឹងបង្គោលភ្លើង បំភ្លឺផ្លូវខូចខាត១ដើម ហើយរថយន្តបង្កផ្ទប់ជាប់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារសិនជូរី តាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសLX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-2610 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ ប្រះបែក២កង់ ហើយរុញផ្ទាំងថ្មទៅផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់១ដើម។ចំណែក រថយន្តបង្ក ផ្ទប់នឹងក្បាលនាគខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ ករណីនេះរថយន្តបែកធុងទឹក ហើយសំណាងល្អដោយគ្មានអ្នករងរបួសអ្វីឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments