Ad Code

ពួក Hacker អាថ៌កំបាំង​លួច​ទិន្នន័យ​ពី​អ្នករត់​ចោលស្រុក​កូរ៉េខាងជើង​១,០០០​នាក់​ក្នុងប្រទេស កូរ៉េខាងត្បូង



ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនជាតិ​កូរ៉េខាងជើង​ជិត​១,០០០​នាក់​ ដែល​រត់​ចូលទៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ ត្រូវបាន​ទម្លាយ​បន្ទាប់ពី Hacker មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​ឆែកឆេរ​ទិន្នន័យ​របស់​ទីភ្នាក់ងារ​តាំងទី​លំនៅ​មួយ​។​

ក្រសួង​នេះ​បាន​និយាយថា ខ្លួន​បាន​រកឃើញ​កាលពី​សប្ដាហ៍​មុន​ថា ឈ្មោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​និង​អាស័យដ្ឋាន​របស់​អ្នករត់​ចោលស្រុក​ចំនួន​៩៩៧​នាក់​ត្រូវបាន​គេ​លួច​យកតាម​កុំព្យូទ័រ​មួយគ្រឿង​ដែល​ឆ្លង​មេរោគ software នៅឯ​ទីភ្នាក់ងារ​មួយ​ដែល​គេ​ហៅថា​មជ្ឈមណ្ឌល Hana នៅក្នុង​ទីក្រុង Gumi ភាគខាងត្បូង​។​

មន្ត្រី​ក្រសួង​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ដោយសារតែ​ភាព​រសើប​នៃ​បញ្ហា​នេះ​ថា “​មេរោគ​ត្រូវបាន​គេ​ដាក់​តាមរយៈ​អ៊ី​ម៉ែ​ល​ដែល​ផ្ញើ​ដោយ​អាសយដ្ឋាន​ផ្ទៃក្នុង​”​។​

មជ្ឈមណ្ឌល Hana គឺ​ស្ថិត​ក្នុងចំណោម​វិទ្យាស្ថាន​ចំនួន​២៥​ដែល​ក្រសួង​នេះ​គ្រប់គ្រង​នៅ​ទូទាំងប្រទេស​ដើម្បី​ជួយ​ដល់​អ្នករត់​ចោលស្រុក​ចំនួន​៣២,០០០​នាក់​ដើម្បី​សម្រួល​ដល់​ជីវិត​ថ្មី​របស់​ពួកគេ​ខណៈ​ប្រទេស​កូរ៉េខាងត្បូង​បានផ្តល់​ការងារ ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​និង​ច្បាប់​។​

អ្នករត់​ចោលស្រុក​ដែល​ភាគច្រើន​បាន​ប្រថុយ​ជីវិត​ដើម្បី​គេចចេញ​ពី​ភាពក្រីក្រ​និង​ការគៀបសង្កត់​ផ្នែក​នយោបាយ​គឺជា​ប្រភព​នៃ​ការ​អាម៉ាស់​សម្រាប់​ប្រទេស​កូរ៉េខាងជើង​។ បណ្តាញសារព័ត៌មានរ​បស់​រដ្ឋ​បាន​រិះគន់​ពួកគេ​ថា​ជា “​មនុស្ស​ថោកទាប​” និង​ចោទប្រកាន់​អ្នកស៊ើប​ការណ៍​របស់​កូរ៉េខាងត្បូង​ថា​បាន​ចាប់ជំរិត​ពួកគេ​មួយចំនួន​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួង​បាន​បដិសេធ​និយាយថា​តើ​កូរ៉េខាងជើង​ត្រូវបាន​គេ​ជឿថា​ជា​អ្នក​នៅ​ពីក្រោយ​ការ Hack នេះដែរ​ឬ​អត់​ឬថា​មាន​ហេតុផល​អ្វី​។ មន្ត្រី​និយាយថា ការស៊ើបអង្កេត​របស់​ប៉ូលិស​កំពុងដំណើរការ​ដើម្បី​កំណត់ថា​តើន​រណា​បានធ្វើ​វា​។​

ការរំលោភបំពាន​ទិន្នន័យ​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​នៅពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់​កូរ៉េ​ទាំងពីរ​ដែល​បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu