ភ្នំពេញ ៖ ក្រសួង ធនធានទឹកនិងឧតុនិយម បាន ប្រកាសថា ចាប់ពី ៥ខែដើមឆ្នាំ ២០១៩ ធាតុអាកាសចុះ ត្រជាក់ នឹងក្តៅខ្លាំងជាងឆ្នាំ២០១៨ គឺចាប់ពី មករា ធាតុអាកាសចុះត្រជាក់ តែចាប់ ខែកុម្ភៈ-ឧសភា ធាតុអាកាស នឹងក្តៅខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងខែមករា ធាតុអាកាស នឹងចុះត្រជាក់ ជាពិសេសបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ។ សម្រាប់តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ពី ១៧-១៩ អង្សារសេ និងសីតុណ្ហភាព អតិបរមា ស្ថិតក្នុងរង្វង់ពី ២៥-២៧ អង្សារសេ។ បណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២០-២២ អង្សារសេ និងអតិបរមាស្ថិតក្នុងរង្វង់ពី ២៦-២៨ អង្សារសេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីជូនដំណឹង បង្ហាញថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ធាតុអាកាសនឹងកើនក្តៅជាលំដាប់ ( ក្តៅខ្លាំងជាងឆ្នាំ២០១៨ ) ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប។ ក្នុងខែមេសា ដល់ដើមខែឧសភា សីតុណ្ហភាពអប្បបរមាមធ្យម ស្ថិតក្នុងរង្វង់ពី ៣៦-៣៨ អង្សារសេ និងអតិបរមាមធ្យម ស្ថិតក្នុងរង្វង់ពី ៣៩-៤១ អង្សារសេ។
សេចក្តីជូនដំណឹងបន្តថា ភ្លៀងកក់ខែ ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា ភ្លៀងកក់ខែមានតិចជាងមធ្យមភាគច្រើនឆ្នាំ និងតិចជាងឆ្នាំ២០១៨។ ចំពោះបាតុភូតធម្មជាតិ ក្នុងអំឡុងពេលមានភ្លៀងកក់ខែ អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន និងច្រើនជាងឆ្នាំ២០១៨។
ដោយឡែក រដូវវស្សា ឆ្នាំ២០១៩ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ( យឺតជាងឆ្នាំ២០១៨ ) ចាប់ពីពាក់កណ្តាលខែឧសភា ដល់ខែកក្កដា បរិមាណភ្លៀងមានកម្រិតពីមធ្យម ទៅបង្គួរ តែអាចនឹងមិនសូវរាយប៉ាយបានល្អដូចឆ្នាំ២០១៨ ទេ។
សម្រាប់កូនរដូវប្រាំង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែមិថុនា។
ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសអំពាវនាវ ដោយស្ថានភាពអាកាសធាតុនៅរដូវប្រាំង និងនៅដើមរដូវវស្សា ឆ្នាំ២០១៩ មិនសូវមានអំណោយផលល្អ ដូចនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សាធារណជន ពិសេសបងប្អូនប្រជាកសិករ ចូលរួមថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យបានចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ និងសូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានច្រើន ពិសេសនៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments