ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខាងមុខអគារស្នាក់នៅរបស់កម្មករចម្ការអំពៅ នៅក្នុងប្រទេសថៃ បន្ទាប់ពីត្រូវគូភាគីទំនាស់ដែលជាពលករខ្មែរដូចគ្នា បានយកកាំបិតសម្រាប់កាប់ដើមអំពៅ មកលបកាប់ទៅលើកញ្ចឹងក ចំពីចំហៀងរួចមក បណ្តាលឲ្យរយះឈាមស្រោចធរណី។
យោងតាមប្រភពដែលយើងទទួលបានគឺ ហេតុការណ៍ នៃអំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខអគារស្នាក់នៅរបស់កម្មករចម្ការអំពៅ ស្ថិតក្នុងភូមិ១០ ឃុំវុំាងយិន ស្រុកវុំាងយិន ខេត្តស្រះកែវ ប្រទេសថៃ ដែលទីតាំងចម្ការនេះជាកម្មសិទ្ធិរបស់ លោក ផាន់បែន ស៊ុនថត អាយុ៦២ឆ្នាំ រស់នៅក្បែរទីតាំងខាងលើ។
សាក្សីដ៏សំខាន់ គឺលោក ឆឺន វីរៈ អាយុ៣៨ឆ្នាំ ជាជនជាតិថៃ ដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគឺគេសង្កេតឃើញ ជនរងគ្រោះ មានឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករខ្មែរ បានអង្គុយផឹកកាហ្វេ នៅខាងមុខអគារស្នាក់នៅ ដោយគេផឹកក្នុងសភាពងងុយដេកនៅឡើយ ព្រោះមានពេលខ្លះគេបានក្រាបដេកនៅលើតុនោះតែម្ដង។
ភ្លាមៗនោះដែរ ក៏មានការឆោឡោឡើង ដោយសារតែជនសង្ស័យ ឈ្មោះ ច័ន្ទ ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានកាន់កាំបិតសម្រាប់កាប់ដើមអំពៅ មកកាប់ទៅលើជនរងគ្រោះពីចំហៀង បណ្តាលឲ្យរយះបំពង់ ក ស្លាប់ភ្លាមមួយរំពេច ហើយជនសង្ស័យក៏បានរត់គេចខ្លួន ដោយនាំយកទាំងកាំបិតនោះទៅជាមួយផង។
នៅពេលនោះដែរ ក្រុមតម្រួតថៃបានចុះមកពិនិត្យ ព្រមទាំងបានដាក់ពង្រាយកម្លាំងដើម្បីស្ទាក់ចាប់មុខសញ្ញាឃាតកនេះយកទៅផ្ដន្ទាទោសតាមច្បាប់ឲ្យបាន រហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួនជនសង្ស័យបាន ដោយនាំយកទៅសាកសួរ និងចង្អុលបង្ហាញទីតាំងដែលគេបានយកកាំបិតទៅលាក់ទុក គឺនៅចម្ងាយពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រ។
ឃាតករូបនេះបានសារភាពថា ករណីនេះគឺកើតឡើងដោយសារតែគំនុំ ព្រោះពួកគេទាំងពីរនាក់ធ្លាប់មានទំនាស់ឈ្លោះប្រកែកគ្នា ជាច្រើនលើកច្រើនសាមកហើយ។ ឯការរត់គេចខ្លួនកាលពីព្រឹកគឺរូបគេបានធ្វើដំណើរខុសផ្លូវ ដោយទិសដៅប្រុសទៅរកសាច់ញាតិនៅឯស្រុកកាប៊ីនបុរី ក្នុងខេត្តច័ន្ទបុរី
ដូច្នេះក៏ត្រូវវិលត្រឡប់មកវិញ បំណងលបចូលទៅយកទូរស័ព្ទដើម្បីតេទាក់ទង តែក៏ត្រូវតម្រួតថៃចាប់ខ្លួនតែម្ដង។
បច្ចុប្បន្ន សព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីដឹកនាំយកទៅស្រុកកំណើតវិញក្នុងការរៀបចំធ្វើបុណ្យ ដោយឡែកជនសង្ស័យដែលជាឃាតកត្រូវកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments