ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូនប្រសារបស់លោក Donald Trump និងជាទីប្រឹក្សាជាន់ខ្ពស់គឺលោក Jared Kushner កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខជនដែលមានសក្តានុពលសម្រាប់តំណែងនាយខុទ្ទកាល័យបន្ទាប់របស់លោកប្រធានាធិបតី។
សារព័ត៌មាន Huffington Post ដែលរាយការណ៍រឿងនេះដំបូងគេបានអោយដឹងថា លោក Kushner ដែលជាទីប្រឹក្សាសេតវិមានដ៏មានឥទ្ធិពលនិងជាស្វាមីរបស់កូនស្រីលោក Trump ឈ្មោះ Ivanka បានជួបជាមួយមេដឹកនាំគណបក្សសាធារណរដ្ឋដើម្បីពិភាក្សាអំពីការងារនេះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយអំពីព័ត៌មាននេះថា “ខ្ញុំមិនដឹងថា គាត់កំពុងស្ថិតក្រោមការពិចារណាទេប៉ុន្តែតាមខ្ញុំគិតគឺថាយើងទាំងអស់គ្នានៅទីនេះនឹងទទួលស្គាល់។ គាត់នឹងមានឋានៈខ្ពស់ក្នុងតួនាទីណាមួយដែលលោកប្រធានាធិបតីដាក់គាត់ចូល”។
លោកប្រធានាធិបតីកំពុងស្វែងរកអ្នកមកជំនួសតំណែងនាយខុទ្ទកាល័យសេតវិមានក្រោយពីប្រកាសថា ឧត្តមសេនីយ៍ចូលនិវត្តន៍លោក John Kelly នឹងត្រូវចាកចេញនៅដំណាច់ឆ្នាំនេះ។
លោក Kushner គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការចរចាជាមួយប្រទេសកាណាដានិងម៉ិកស៊ិកដើម្បីរក្សាកតិកាសញ្ញាពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសនៅតំបន់អាមេរិកខាងជើង។
គាត់ក៏បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើសេចក្តីព្រាងផែនការសន្តិភាពមជ្ឈឹមបូព៌ាផងដែរដែលរដ្ឋបាលរបស់លោក Trump បាននិយាយថា ខ្លួននឹងបង្ហាញនៅដើមឆ្នាំ២០១៩។
បុរសវ័យ៣៧ឆ្នាំរូបនេះក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ផងដែរដែលត្រូវបានគេចោទប្រកាន់ថាមានតួនាទីក្នុងករណីឃាតកម្មលើអ្នកសារព័ត៌មាន Jamal Khashoggi ដែលជាករណីមួយបានធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងរបស់អារ៉ាប៊ីសាអ៊ូឌីតជាមួយប្រទេសលោកខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានរបស់លោក Kushner ត្រូវបានគេជឿជាក់ថានឹងបង្កអោយមានការព្រមានអំពីបក្ខពួកនិយមជាពិសេសការពិចារណាថា លោក Kushner មិនមានបទពិសោធកាលពីពេលមុនទេនៅក្នុងរដ្ឋាភិបាលមុនពេលការជាប់ឆ្នោតរបស់លោក Trump ៕
Source: Kampuchea Thmey Daily
0 Comments