ភាគីជម្លោះរបស់ប្រទេសយេមែនកាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមលើបទឈប់បាញ់មួយនៅកំពង់ផែដ៏សំខាន់ ដែលនេះជាការបំបែកភាពទាល់ច្រកមួយក្នុងកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ។ ការយល់ព្រមនេះ អាចកត់សម្គាល់ជាចំណុចរបត់ដ៏សំខាន់មួយ បន្ទាប់ពីជម្លោះដ៏សាហាវអស់រយៈពេលបួនឆ្នាំ។
ប្រសិនបើត្រូវបានអនុវត្តមែននោះ កិច្ចព្រមព្រៀងលើកំពង់ផែ Hodeida ដែលជាច្រកទ្វារសំខាន់សម្រាប់ជំនួយនិងការនាំចូលស្បៀងអាហារគឺអាចនាំមកនូវការធូរស្រាលដល់ប្រទេសមួយដែលប្រជាជនចំនួន១៤លានកំពុងស្ថិតនៅលើគែមនៃភាពអត់ឃ្លាន។
ក្នុងកាយវិការជានិមិត្តសញ្ញាដ៏សំខាន់មួយនៅថ្ងៃទី៧និងជាថ្ងៃចុងក្រោយនៃកិច្ចចរចាសន្តិភាព ក្នុងប្រទេសស៊ុយអ៊ែត, រដ្ឋមន្ត្រីការបរទេសយេមែនលោក Khaled al-Yamani និងអ្នកចរចាក្រុមឧទ្ទាមលោក Mohammed Abdelsalam បានចាប់ដៃគ្នាបើទោះបីជាអ្នកទាំងពីរនាពេលក្រោយមកបានសម្តែងការសង្ស័យក៏ដោយ។
មេដឹកនាំទាំងពីរបានលើកឡើងពីភាពផ្ទុយគ្នានៃកិច្ចព្រមព្រៀងលើទីក្រុង Hodeida ក្នុងរយៈពេលខ្លីបន្ទាប់ពីសេចក្តីប្រកាសរបស់ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ។
ការចរចារយៈពេលមួយសប្តាហ៍នេះបានបន្សល់ទុកនូវបញ្ហាសំខាន់ៗមួយចំនួនដែលមិនត្រូវបានដោះស្រាយ។ កិច្ចចរចាជុំថ្មីមួយត្រូវបានគេគ្រោងធ្វើឡើងនៅចុងខែមករាហើយក្រុមអ្នកវិភាគបានព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលយេមែនអោយបញ្ចប់ជម្លោះនេះ។
នៅក្រោមកិច្ចព្រមព្រៀងក្រុង Hodeida ដែលបានបញ្ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍, “បទឈប់បាញ់ជាបន្ទាន់” មួយគួរតែចូលជាធរមាននៅទីក្រុង Hodeida និងកំពង់ផែទាំងបីរបស់ខ្លួនចាប់ពីពេលចុះហត្ថលេខាទៅហើយបន្ទាប់មកមានការដាក់ពង្រាយនៃកងកម្លាំងទៅវិញទៅមកលើទីតាំងនៅខាងក្រៅទីក្រុងនិងកំពង់ផែ។
អង្គការសហប្រជាជាតិនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យនៅកំពង់ផែដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមអស់រយៈពេល៤ឆ្នាំមកហើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments