តាកែវ ៖ មានជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់ពីរនាក់ ក្នុងថ្ងៃតែមួយ នៅស្រុកព្រៃកប្បាស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទី១ បានកើតឡើងនៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រវាងម៉ូតូម៉ាកសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1AG 7768 ដែលអ្នកបើកបរមាន ឈ្មោះ ប៉ោ ណន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិកើតហេតុ រងរបួសធ្ងន់ បានបុកជាមួយនឹងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2P 2964 ដែលបើកបរដោយ ឈ្មោះ គួន ស៊ីណាត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកែបាំង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។
ចំណែកគ្រោះថ្នាក់ចរាចរណ៍ទី២ បានកើតឡើងនៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រវាងម៉ូតូ បើកបុកសត្វក្របី ដែលកំពុងឆ្លងថ្នល់។
ជនរងគ្រោះមាន ឈ្មោះ ឆេង ទី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បើកបរម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខ តាកែវ 1I 9942 និងអ្នករួមដំណើរម្នាក់ ឈ្មោះ លន់ វ៉ិត ភេទស្រី អាយុ១៧ឆ្នាំ រស់នៅជាមួយគ្នា រងរបួសធ្ងន់។
បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះដែលស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងអស់ ត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments