ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្នក្រសួងបាននឹងកំពុងសហការ ជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឲ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាស្តីពីការបង្កើនឱកាសទីផ្សារការងារដល់ប្រជាជនកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឲ្យបានច្រើនថែមទៀត។
គម្រោងចុះកិច្ចព្រមព្រៀងជាមួយភាគីជប៉ុននេះ ដោយសារតែភាគីជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឲ្យមានច្បាប់ថ្មីដែលនឹងជួយបង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗទៅធ្វើការនៅជប៉ុនកាន់តែច្រើនជាងមុន ដែលនឹងអនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន។
គួរបញ្ជាក់ថា ច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍របស់ជប៉ុនថ្មីដែលត្រៀមចូលជាធរមាននាខែមេសាឆ្នាំ២០១៩ខាងមុខនេះ បានបង្កើតជាទិដ្ឋាការថ្មីចំនួនពីប្រភេទសម្រាប់ពលករបរទេសគឺទីមួយផ្តល់សុពលភាព៥ឆ្នាំសម្រាប់ពលករបរទេសដែលអាចនិយាយភាសាជប៉ុនបានល្អនិងទីពីរពលករមានជំនាញខ្ពស់ត្រូវបានអនុញ្ញាតឲ្យនាំគ្រួសារទៅរស់នៅជាមួយដោយមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុនជារៀងរហូតថែមទៀតផង។
យោងតាមក្រសួងការងាររបស់ជប៉ុនបានឲ្យដឹងថា គិតត្រឹមចុងខែតុលាឆ្នាំ២០១៨កន្លងទៅនេះមានពលករបរទេសធ្វើការក្នុងប្រទេសជប៉ុនចំនួន១លាន២សែន៨ម៉ឺននាក់ ក្នុងនោះជនជាតិចិនមានច្រើនជាងគេរហូតដល់៣៧ម៉ឺននាក់បន្ទាប់មកជនជាតិវៀតណាម និងហ្វីលីពីន។
លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា កាលពីមុនពលករបរទេសដែលទៅធ្វើការនៅប្រទេសជប៉ុនមានសិទ្ធិត្រឹមតែកម្មសិក្សាការីទេ គឺរៀនផងនិងធ្វើការផងតែច្បាប់ថ្មីដែលនឹងអនុវត្តនៅខែមេសាខាងមុខនេះនឹងផ្តល់សិទ្ធឲ្យពលករបរទេសធ្វើការជាពលករស្របច្បាប់ហើយមានសុពលភាពយូរថែមទៀតផង។
លោករដ្ឋមន្ត្រីបានជំរុញឲ្យសិស្សនិស្សិតនិងយុវជនវ័យក្មេងកម្ពុជាត្រូវខិតខំសិក្សារៀននូវមុខជំនាញផ្សេងៗឆ្លើយតបទៅនឹងទីផ្សារប្រទេសជប៉ុនដូចជាផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្មជាដើមពិសេសមុខជំនាញគិលានុបដ្ឋាកសម្រាប់ថែទាំមនុស្សចាស់នៅប្រទេសជប៉ុនដែលមានតម្រូវការខ្ពស់ក្នុង១ឆ្នាំៗត្រូវការរាប់ម៉ឺននាក់ ដោយសារតែចំនួនមនុស្សចាស់នៅជប៉ុនមានកំណើនខ្ពស់។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ជេ អិល អេស ខេមបូឌាននិងសិក្ខាសាលាស្តីពីការស្វែងយល់ និងឱកាសការងារផ្នែកគិលានុបដ្ឋាកនៅប្រទេសជប៉ុនលោកបណ្ឌិតរដ្ឋមន្ត្រីបានបន្ថែមទៀតថា «នេះជាឱកាសថ្មីមួយទៀតដល់និស្សិតដែលកំពុងសិក្សាផ្នែកគិលានុបដ្ឋាកតាមគ្រឹះស្ថានសិក្សានានា ទទួលបានទីផ្សារការងារក្នុងកម្រិតអន្តរជាតិ ទទួលបានប្រាក់កម្រៃខ្ពស់ ពិសេសរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ តាមរយៈការពង្រីកទីផ្សារការងារ និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជា នៅក្នុងតំបន់ ក៏ដូចជាសាកលលោក»។
ទន្ទឹមនឹងនេះ លោកបណ្ឌិត អ៊ិតសំហេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធី ស្របតាមបទដ្ឋានអន្តរជាតិ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តខិតខំពង្រឹងការអនុវត្តឲ្យ ស្របទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលក្នុងនោះមានចែងអំពី ការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរដោយខ្លួនឯង។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបចំនួន ៩,១៩៥នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ១៥០០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែដែលបានជួយលើកស្ទួយដល់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់ (ក្នុងនោះ មានស្ត្រីជិត៥សែននាក់)។ ដោយបានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
លោកបណ្ឌិត អ៊ិត សំហេង បានបន្ថែមទៀតថា នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕
Source: Kampuchea Thmey Daily
0 Comments