អ្នកចាំទីដៃទីមួយ របស់ក្លឹបបាល់ទាត់បឹងកេត សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) អ្នកចាំទី គឹម មករា នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល២០១៩ ទាំងពុំទាន់បានប្រកួត ក្រោយទទួលរងរបួសនៅក្នុងពេលហ្វឹកហាត់ កាលពីចុងខែធ្នូ កន្លងទៅ ខណៈនៅពេលនេះរបួសតម្រូវឲ្យវះកាត់ទើបជាសះស្បើយវិញ។
យោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ក្លិបបឹងកេត នៅព្រឹកថ្ងៃសៅរ៍ សប្ដាហ៍នេះបានបញ្ជាក់ថា អ្នកចាំទីដៃទីមួយរូបនេះកំពុងស្ថិតក្នុងប្រទេសវៀតណាម ព្យាបាលរបួសដាច់សរសៃជង្គង់ខាងស្តាំរបស់ខ្លួន បានឆ្លងកាត់ការវះកាត់ដោយទទួលជោគជ័យ។ ក្រោយវះកាត់កីឡាករ គឹម មករា បានលើកឡើងថា «ខាងគ្រូពេទ្យប្រាប់ថា ការវះកាត់ពេលនេះទទួលបានជោគជ័យហើយ ប៉ុន្តែនៅតាមដានអាការៈបន្តទៀត ព្រោះឥលូវនេះជើងខ្ញុំកំពុងស្ពឹក»។
គួររំលឹកថា របួសដាច់សរសៃជង្គង់ខាងស្តាំរបស់ មករា គឺកើតឡើងអំឡុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីជាមួយក្លិបកាលពីចុងខែធ្នូ កន្លងមក ហើយតាមការពិនិត្យស្ថានភាពពីក្រុមគ្រូពេទ្យ អ្នកចាំទីដៃទីមួយរូបនេះ អាចនឹងអវត្តមានពេញមួយរដូវកាល ទើបអាចត្រឡប់ទៅដូចដើមវិញ។
អ្នកចាំទី កឹម មករា បានលើកឡើងជុំវិញរបួសរបស់ខ្លួនថា «ខ្ញុំពិតជាសោកស្តាយបំផុត ព្រោះគ្រាន់តែជាការហ្វឹកហាត់ មិនគួរណាដល់ថ្នាក់ដាច់សរសៃអញ្ចឹងសោះ។ ម្យ៉ាងវិញទៀត នៅរដូវកាលថ្មីខាងមុខនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងមុន ដល់ពេលមានរឿងនេះកើតឡើង ខ្ញុំពិបាកចិត្តដែលមិនអាចជួយក្លិបបាន»។
ក្រោយការចាកចេញរបស់អ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ទៅកាន់ក្លិបណាហ្គាវើល កាលពីពាក់កណ្ដាលរដូវកាល២០១៨ អ្នកចាំទី មករា ត្រូវបានចាត់ទុកជាកម្លាំងដ៏សំខាន់សម្រាប់ជារនាំងការពារសំណាញ់ទីផងដែរ។ អាចជាវិបត្តិសម្រាប់ក្លិបផងដែរ គ្រាដែលបច្ចុប្បន្នក្លឹបមានអ្នកចាំទី២រូប សុទ្ធសឹងតែមានបទពិសោធន៍ខ្ចីរវាង អ៊ុំ ចាន់នូ និង ហ៊ុល គឹមហ៊ុយ នេះបើតាមការបញ្ជាក់ ដោយលោក ហៅ សុជាតិ នៅលើវិបសាយផ្លូវការរបស់ក្លិបបឹងកេត។
សម្រាប់រដូវកាលឆ្នាំ ២០១៨ កន្លងទៅនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមបឹងកេតអែហ្វស៊ី បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ប្រកួតបាន២២លើកឈ្នះបាន១៥លើក ស្មើគ្នា៤លើក និងចាញ់៣លើកមាន៤៩ពិន្ទុក្នុងដៃ ពោលគឺចាញ់ក្រុមជើងឯកណាហ្គាវើល៧ពិន្ទុ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments