កណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកពញាឮ បានឃាត់ខ្លួនបុរសចំណាស់ម្នាក់ជាប់ពាក់ព័ន្ធពីបទជួញដូរថ្នាំញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង១៧ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសបានឲ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះ ស្មាន ពុធ អាយុ៥៨ឆ្នាំ ជនជាតិចាម មុខរបររត់ម៉ូតូឌុប និងកួកជេស្រីលក់ខ្លួន មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំង ភ្នាក់ងារសម្ងាត់បានរាយការណ៍មកថា មានបុរសម្នាក់(ជនសង្ស័យខាងលើ) តែងតែបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិរាល់ថ្ងៃ។ ក្រោយពីទទួលព័ត៌មាននេះភ្លាម ខាងកម្លាំងផ្នែកជំនាញសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំបាត ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅម្តុំចេតិយក្នុង បរិវេណវត្តអង្គសិរី ទើបចាប់ឃាត់ខ្លួនតែម្តង បន្ទាប់ពីបានរកឃើញនិងចាប់យកវត្ថុតាងថ្នាំញៀនបានចំនួន៣កញ្ចប់តូចនិងក្នុងហោប៉ៅខោរបស់ជននេះ។
ជនសង្ស័យរូបនេះបានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់ក្នុងពេលសមត្ថកិច្ចចាប់ខ្លួននេះ គឺរើសបាន ហើយក៏ច្រកទុកលក់ឲ្យក្មេងៗដោយលក់ក្នុង១កញ្ចប់តូចតម្លៃ៣០០០០រៀល ឬ៤០០០០រៀល ទៅ៥០០០០រៀលក៏មាន។
ទោះបីយ៉ាងណាជនសង្ស័យរូបនេះ ពុំមានផ្ទុកនូវសារធាតុញៀននៅក្នុងខ្លួនទេដែលប៉ូលិសបានត្រួតពិនិត្យល្បាយទឹកនោមរបស់គាត់រួចរាល់ហើយ។ ប្រជាជននៅក្នុងភូមិបាននិយាយថា បុរសជាប់ចោទខាងលើហ៊ានណាស់ មុខរបរគាត់គឺក្រៅពីរត់ម៉ូតូឌុប លក់ថ្នាំញៀន និងកួកជេស្រីលក់ខ្លួនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments