Ad Code

បើក​កិច្ចប្រជុំ​ ស្ដីពី​ការ​ផ្ទៀងផ្ទាត់ ​និង​ធ្វើការ​វាយ​តម្លៃ​លើ​ចលនទ្រព្យ​អចលនទ្រព្យ និង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​របស់​រដ្ឋ​ប្រចាំ​ឆ្នាំ​២០១៧ និង ២០១៨



​បន្ទាយមានជ័យ​ ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​ នៅ​សាលប្រជុំ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​បាន​បើក​កិច្ច​ប្រជុំ ​ស្តីពី​ការ​ផ្ទៀងផ្ទាត់ ​និង​ធ្វើការ​វាយ​តម្លៃ​លើ​ចលនទ្រព្យ អចលនទ្រព្យ​ថយ​ចុះ​ ឬ កើនឡើង ​និង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​របស់​រដ្ឋ​ប្រចាំ​ឆ្នាំ​២០១៧ និង ២០១៨​ ដោយមាន​ការចូលរួម លោក​ ង៉ោ​ ម៉េង​ជ្រួញ អភិបាលរង​ខេត្ត គ្រប់​ប្រធាន​មន្ទីរ អង្គភាព មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​។

​ក្នុង​កិច្ចប្រជុំ​នោះ ប្រធាន​មន្ទីរ​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​បាន​លើកឡើង​រាល់​បញ្ហា​ការ​វាយតម្លៃ​លើ​អចលនទ្រព្យ​ន ចលនទ្រព្យ​ និង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​របស់​រដ្ឋ​ប្រចាំ​ឆ្នាំ​២០១៧ និង ២០១៨​ មាន​៤​ចំណុច ៖
​១-តារាង​ដីធ្លី និង​អគារ ,២​-តារាង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​ឧស្សាហកម្ម, ៣​-តារាង​យានយន្ត និង​គ្រឿងចក្រ ,៤​-តារាង​សម្ភារៈ​បរិក្ខារ​ជាដើម​។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ បាន​ធ្វើការ​វាយតម្លៃ​អចលនទ្រព្យ​ ត្រូវ​ផ្អែក​តាម​តារាង​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​ នៃ​តំបន់​ផ្សេងៗ​ និង​ផ្អែកលើ​ការ​វាយតម្លៃ​ជាក់ស្ដែង​របស់​គណៈកម្មាធិការ​បញ្ជី​សារពើភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ ដើម្បី​ឲ្យ​បាន​ទិន្នន័យ​ជា​មូលដ្ឋាន​សម្រាប់​បញ្ចូល​ទៅក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

ក្នុង​អង្គប្រជុំ​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មន្ទីរ​អង្គភាព​ទាំងអស់ ​ត្រូវ​ទទួលខុស​ត្រូវ​ក្នុង​ការ​ចុះ​បញ្ជី​ និង​រៀបចំ​តារាង​ប្រៀបធៀប​កើន និង​ថយ​ចុះ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​រ​បស់​ខ្លួន​ទាំងអស់ ​ត្រូវ​ធានា​ការរៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ បើ​សិន​នៅ​ថ្ងៃក្រោយ​ មានការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ណាមួយ​ឃើញ​មាន​ការចុះ​ខ្វះខាត លាក់លៀម​ថយ​ចុះ​លើ​តារាងបញ្ជី​ដែល​បាន​កត់ត្រា​នោះ ​មិន​ប្រក្រតី​ ដោយ​ប្រការ​ណា​មួយ ​និង​អនុវត្ត​ខុស​នីតិ​វិធី​ហិរញ្ញវត្ថុ​ប្រធាន​មន្ទីរ អង្គភាព​ទាំងអស់​ ត្រូវ​ទទួលខុស​ត្រូវ​នៅមុខ​ច្បាប់​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក​ ង៉ោ​ ម៉េង​ជ្រួញ ​បាន​មាន​ប្រសាសន៍​ថា ​ការ​ផ្ទៀងផ្ទាត់​បញ្ជីសារពើភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ គឺ​ត្រូវយក​លេខ​តារាង​ប្រៀបធៀប​កើន​ឡើង​ និង​ថយ​ចុះ​ចាប់ពី​ឆ្នាំ​២០១៧​ ដល់​ឆ្នាំ​២០១៨​ អាជ្ញាធរ ប្រធាន​មន្ទីរ​គ្រប់​អង្គភាព​ ត្រូវ​ពិនិត្យ​ និង​ឯកភាព​គ្នា​ជាមុនសិន​មុន​ និង​ប្រគល់​ទៅ​ឲ្យ​ប្រធាន​គណៈកម្មការ​បញ្ជីសារពើភណ្ឌ ​ដើម្បី​បូកសរុប ​និង​ផ្ញើ​ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។

​ក្នុងនោះ​អង្គភាព​ទាំងអស់ ​ត្រូវ​កំណត់​តម្លៃ ចលនទ្រព្យ អចលនទ្រព្យ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បាន​ត្រឹម​ត្រូវ ១​-ដីធ្លី អគារ ទំហំ ម៉ែត្រការ៉េ កន្លែង, ២​-តារាង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​ឧស្សាហកម្ម, ៣-​តារាង​យានយន្ត និង​គ្រឿងចក្រ ,៤​តារាង​សម្ភារៈ​បរិក្ខារ​ជាដើម​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu