Ad Code

អតីត​ទីប្រឹក្សា​របស់​លោក Trump ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការស៊ើបអង្កេតរ​ប​ស់លោក Mueller



អ្នកពិគ្រោះ​យោបល់​ជើងចាស់​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Roger Stone ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងការ​វាយឆ្មក់​មុនពេល​ព្រឹក​ព្រលឹម​មួយ​ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃ​សុក្រ​។ លោក​បាន​ក្លាយជា​សហកា​រី​ទី​៦​ក្នុងចំណោម​សហការី​នៃ​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការស៊ើបអង្កេត​ចូល​ទៅក្នុង​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​

លោក Stone ត្រូវ​រង​ការចោទប្រកាន់​ពីបទ​និយាយ​កុហក​ទៅ​សភា​និង​ការរាំងស្ទះ​ដល់​ការពិនិត្យ​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយ WikiLeaks ដែល​បាន​ទម្លាយ​ព័ត៌មាន​ដែល Hack ដោយ​រុស្ស៊ី​ពី​យុទ្ធនាការ​ឆ្នាំ​២០១៦​របស់លោក​ស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ជួយ​ដល់​លោក Trump​។​

លោក Stone ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​រារាំង​សាក្សី​ផងដែរ​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ព្យាយាម​បញ្ចុះបញ្ចូល​មិត្ត​រួមការ​ងារ​ម្នាក់​ឲ្យ​កុហក​សភា​ដូចគ្នា​ដើម្បី​ការពារ​គាត់​។​

សេត​វិមាន​បានការ​ពារ​លោក Trump ដោយ​និយាយថា ការចោទប្រកាន់​លោក Stone ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ដែល​ដឹកនាំ​ការស៊ើបអង្កេត​ចូលទៅក្នុង​ការឃុបឃិត​ការបោះឆ្នោត​ជាមួយ​ប្រទេស​រុស្ស៊ី​នៅក្នុង​ឆ្នាំ​២០១៦​គឺ​មិន​ទាក់ទង​ជាមួយ​លោក Trump ទេ​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​ប្រាប់​ទូរទស្សន៍ CNN ថា “​រឿងនេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ប្រធានាធិបតី​ទេ​ហើយ​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​សេត​វិមាន​ឡើយ​”​។​

អ្នកយកព័ត៌មាន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​ជុំវិញ​លោក Stone ខណៈពេលដែល​អ្នក​តវ៉ា​ជាច្រើន​បាន​ស្រែកថា “​ឃុំឃាំង​គាត់​ទៅ​” ស្រប​ពេលដែល​គាត់​បានប្រកាស​ពី​ភាព​គ្មាន​កំហុស​និង​ភាពស្មោះត្រង់​របស់គាត់​ចំពោះ​លោក Trump ។​

លោក​បាន​និយាយថា “​ខ្ញុំ​ត្រូវគេ​ចោទប្រកាន់​ដោយ​មិន​ពិត​។ ខ្ញុំ​នឹង​អះអាង​ពី​ភាព​គ្មាន​កំហុស​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​។ ខ្ញុំ​នឹង​យកឈ្នះ​ពួកគេ​នៅក្នុង​តុលាការ​។ ខ្ញុំ​ជឿជាក់ថា​នេះ​គឺជា​ការស៊ើបអង្កេត​ដែល​ជំរុញ​ដោយ​រឿង​នយោបាយ​”​។​

គួរ​បញ្ជាក់ថា លោក Stone បានចាប់ផ្តើម​អាជីព​ក្នុងនាម​ជា​ជំនួយការ​យុទ្ធនាការ​របស់លោក Richard Nixon និង​មាន​ស្នាម​សាក់​រូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូង​គេ​ដែល​លាលែង​ពី​តំណែង​រូបនេះ​នៅលើ​ខ្នង​របស់គាត់​។ លោក Stone បាន​ចំណាយពេល​ជាច្រើន​ទសវត្ស​ក្នុង​ការផ្តល់​ប្រឹក្សា​ដល់​យុទ្ធនាការ​នយោបាយ​ជាច្រើន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu