ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ គម្រោងទី១ នៃបុរីអារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ បានធ្វើការប្រគល់គេហដ្ឋានជូនអតិថិជន ក្នុងនោះមានផ្ទះសរុប២៣៣ផ្ទះ ដោយមានទាំង ផ្ទះហាង វិឡាកូនកាត់ និងវិឡាភ្លោះ ដែលមានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអគ្គនាយកក្រុមហ៊ុនគ្រីដ ខេមបូឌា លោក EguchiTakachi បានថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីប្រគល់គេហដ្ឋានផ្នែកទី១ ជូនអតិថិជន អារ៉ាតាហ្គាដិន រ៉េស៊ីដិនស៏ បានលើកឡើងថា ការប្ដេជ្ញាចិត្តក្នុងការនាំមកជូននូវគុណភាពដ៏ល្អឥតខ្ចោះពីក្រុមការងារសាងសង់ ជាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យមួយនេះ។
ប្រសិនបើមិនមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងការគ្រប់គ្រងគុណភាពយ៉ាងល្អនោះទេ គម្រោងមួយនេះ ច្បាស់ជាមិនអាចដំណើរការទៅបានយ៉ាងរលូននោះឡើយ។ ដូចនេះក្រុមហ៊ុនគ្រីដ គ្រុប នឹងនៅតែបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ថា គម្រោងអភិវឌ្ឍទាំងអស់របស់យើងនឹងស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពឲ្យបានរឹងមាំនូវគ្រប់ដំណាក់កាលទាំងអស់។
គួរបញ្ជាក់ផងដែរថា អារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ (បុរីអារ៉ាតា) គឺជាគម្រោងមួយរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនគ្រីដ គ្រុប (Creed Group) ដែលបានបញ្ចប់គម្រោងប្រមាណ១០០គម្រោងនៅក្នុងតំបន់អាស៊ី ដែលរួមមានប្រទេសជប៉ុន កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ឡាវ បង់ក្លាដេស មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលគម្រោងទាំងអស់មានតម្លៃសរុប១,៦ប៊ីលានដុល្លារ។
រីឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន គ្រីដ គ្រុប បានអភិវឌ្ឍគម្រោងចំនួន ៣ធំៗ គឺ គម្រោងទី១- ខុនដូបូដាយជូ(Bodaiju) ,គម្រោងទី២-បុរីមហាសែនសុខ (Borey Maha Scnsok) ដែលគម្រោងទាំងពីរ នេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ព្រមទាំងបានលក់អស់កាលពីឆ្នាំកន្លងទៅនេះ។ ដោយឡែក គម្រោងទី៣-អារ៉ាតាហ្គាដិន រ៉េស៊ីដិនស៍ (Borey ARATA) គម្រោងបុរីលំនៅឋានជប៉ុន បុរី អារ៉ាតា បានវិនិយោគគម្រោងសាងសង់របស់ខ្លួនក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរីអារ៉ាតា បានបោះទុនវិនិយោគនៅលើផ្ទៃដីទំហំ ៧ហិចតា ដែលមានផ្ទះសរុបចំនួន៧៣៧ផ្ទះ ដោយផ្នែកទី១ មានផ្ទះសរុបចំនួន២៣៣ផ្ទះ ផ្នែកទី២ មានផ្ទះសរុបចំនួន២៦៩ផ្ទះ និងផ្នែកទី៣ មានផ្ទះសរុបចំនួន២៣៥ផ្ទះ។
គម្រោងបុរីជប៉ុន អារ៉ាតា គឺជាប្រភេទផ្ទះលំនៅដ្ឋានវិឡាទោល វិឡាកូនភ្លោះ វិឡាកូនកាត់ និងផ្ទះហាងដែលមានរចនាបថបែបសម័យទំនើប អមជាមួយធម្មជាតិបៃតង ដែលជាស្ថាបត្យកម្មជប៉ុនដ៏ល្អឥតខ្ចោះ និងគុណភាពគំរូបទដ្ឋានដែលគ្រប់គ្រងដោយអ្នកជំនាញជប៉ុនដែលមានបទពិសោធន៍ច្រើនឆ្នាំ ដោយវិស្វករដ៏ជំនាញៗរបស់បុរីអាវ៉ាតា ប្ដេជ្ញាចិត្តនឹងនាំយកមកនូវគុណភាពពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែង និងយកចិត្តទុកពីក្រុមការងារសាងសង់ និងគណៈគ្រប់គ្រងបុរីអាវ៉ាតា ជឿជាក់ថា អតិថិជនរបស់បុរីជប៉ុនអារ៉ាតា ពិតជាមិនខកបំណងឡើយក្នុងការគាំទ្រលើគម្រោងបុរីជប៉ុនមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments