ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៦លើក ( យប់៧លើក ) បណ្តាលឲ្យមនុស្សស្លាប់១០នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់៩នាក់ ( ស្រី៤នាក់ ) និងរងរបួសស្រាល១០នាក់ ( ស្រី៣នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព១៧នាក់ ( យប់១០នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប៣២គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន១៧គ្រឿង រថយន្តធុនតូច ចំនួន៩គ្រឿង រថយន្តធុនធំ ចំនួន ៥គ្រឿង និងយានផ្សេងៗ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៥លើក ( ស្លាប់៤នាក់ ) , មិនប្រកាន់ស្តាំ១លើក , មិនគោរពសិទ្ធិ ៨លើក ( ស្លាប់៤នាក់ ) , ប្រជែងគ្រោះថ្នាក់១លើក ( ស្លាប់១នាក់ ) , និង បត់គ្រោះថ្នាក់១លើក ( ស្លាប់១នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក និងផ្លូវខេត្ត ចំនួន១០លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន៧លើក រថយន្តធុនតូច ចំនួន៦លើក រថយន្តធុនធំ ចំនួន ២លើក និងម៉ូតូអូសរទេះ ចំនួន១លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ៤លើក ស្លាប់៣នាក់ របួស១នាក់ ខេត្តកោះកុង៣លើក ស្លាប់២នាក់ ( ស្រី ) របួស១នាក់ ខេត្តក្រចេះ៣លើក ស្លាប់១នាក់ របួស៧នាក់ ( ស្រី៣នាក់ ) ខេត្តបាត់ដំបង១លើក ស្លាប់១នាក់ របួស៤នាក់ ( ស្រី១នាក់ ) ខេត្តកណ្តាល១លើក ស្លាប់១នាក់ របួស៣នាក់ ( ស្រី២នាក់ ) ខេត្តស្ទឹងត្រែង១លើក ស្លាប់១នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កើតឡើង ២៦៦លើក បណ្តាលឲ្យមនុស្សស្លាប់១១២នាក់ របួសសរុប ៤១០នាក់ ក្នុងនោះរបួសធ្ងន់២៦៦នាក់ និងរងរបួសស្រាល១៤៤នាក់៕
Source: Kampuchea Thmey Daily
0 Comments