បន្ទាយមានជ័យ ៖ អ្នករកស៊ី មានឡានដឹកដីនៅក្នុងខេត្តបន្ទាយមានជ័យ រាប់រយគ្រឿង កំពុងនាំគ្នាដឹកដី ក្នុង១ថ្ងៃៗមិនខ្វះពី១.០០០ឡាននោះទេ ឡានខ្លះដឹកនៅក្នុងក្រុង ឡានខ្លះដឹកនៅក្រៅក្រុងដោយសារចង់បានលុយខ្លាំងពេកម្ចាស់ឡានដាក់ដីលើសទម្ងន់បណ្តាលឲ្យផ្លូវមានប្រភេទចាក់ បេតុង ចាក់កៅស៊ូ និងក្រាលក្រួសក្រហម រាប់សិបគីឡូម៉ែត្រ ត្រូវឡានដឹកដីប៉ែន ទន្ទ្រាំ ខូចស្ទើរខ្ទេចខ្ទីអស់ ដីហុយ បង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ចំណែកម្ចាស់ឡានវិញនាំគ្នាកើបលុយយ៉ាងស្រួល ផ្លូវខូចទាំងអស់មិនខ្ចីខ្វល់។
លុះនៅថ្ងៃ ទី២៧ ខែ មករា ឆ្នាំ២០១៩នេះលោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណបានចាត់វិធានការចំពោះឡានដឹកដីណាចូលក្រុងបំផ្លាញផ្លូវជ្រុះដីតាមផ្លូវ និងដាក់សំរាមចោលពេញចិញ្ចើមផ្លូវជាតិប៉ះពាល់បរិស្ថាន និងអនាម័យយ៉ាងខ្លាំង ត្រូវមានវិធានការទប់ស្កាត់។
លោក ហ៊ឹល រ៉ាយ៉ា បានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថា រយៈពេលកន្លងមកតាមដងផ្លូវទីប្រជុំជនក្រុងសិរីសោភ័ណឃើញមានរថយន្តដឹកដីព្រោងព្រាតចេញចូលឆ្លងកាត់ក្រុង បណ្ដាលខូចផ្លូវជាតិ ផ្លូវចាក់បេតុង ផ្លូវលំ និងជ្រុះអាចម៍ដីលើថ្នល់រាយប៉ាយពេញផ្លូវ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ ហើយប្រឈមគ្រោះថ្នាក់ដោយសារអាចម៍ដីជ្រុះលើផ្លូវបណ្តាលឲ្យម៉ូតូរអិលដួលអ្នកធ្វើចរាចរនៅតាមផ្លូវគ្រោះថ្នាក់កើតឡើងគ្រប់ពេល។
ក្នុងនោះលោកបានដាស់តឿនរំលឹកដល់ម្ចាស់ឡានដឹកដីទាំងអស់ ដែលឆ្លងកាត់ក្រុងត្រូវគ្រប ដឹកមិនឲ្យលើសទម្ងន់ និងបិទបាំងឲ្យបានជិតមិនត្រូវឲ្យជ្រុះអាចម៍ដីតាមផ្លូវជាដាច់ខាត បើសិននៅតែឃើញមានកើតឡើងបន្តទៀត លោកសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវឃាត់រថយន្តទុក ហើយត្រូវចាត់ការតាមច្បាប់ ព្រោះមន្ត្រីជំនាញបានណែនាំជាច្រើនលើកមកហើយចំពោះរថយន្តដឹកដីឆ្លងកាត់ក្រុងនិងសើសចំណុះនេះ។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា បញ្ហាអនាម័យសំរាមតាមដងផ្លូវ និងនៅតាមផ្ទះតាមផ្សារនៅក្នុងក្រុងសិរីសោភ័ណ ម្ចាស់ផ្សារត្រូវរៀបចំអនាម័យឲ្យបានល្អមិនត្រូវឲ្យមានសំរាមចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់បរិស្ថាន និងអនាម័យទាំងអស់គ្នា ដើម្បីឲ្យក្រុងសិរីសោភ័ណមានសោភ័ណភាពល្អប្រឡងប្រណាំងទីក្រុងស្អាតនិងបរិស្ថានល្អ នេះជាមុខមាត់ប្រជាពលរដ្ឋអាជ្ញាធរក្រុងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments