ភ្នំពេញ ៖ លោកយាយម្នាក់ឈ្មោះយុង សះ ហៅយុង មាស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅម្នាក់ឯងគ្មានទីពឹងដោយពឹងផ្អែកទៅលើអ្នកជិតខាងផ្តល់អាហារឧបត្ថម្ភ ហើយហូបម្ហូបឆ្ងាញ់មុនពេលលាចាកលោកនេះទៅ គឺមានសំណាងដោយទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកយាយយុង សះ ហៅយុង មាស រស់នៅក្នុងភូមិស្លែង ឃុំរំពារ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ ហើយកាលពីថ្ងៃទី២៥ ខែមករានេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាដោយបានទទួលការអនុញ្ញាតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយរបស់សម្តេចទៅផ្តល់ជូនដល់ដៃលោកយាយយុង សះ ហៅយុង មាស ដែលកំពុងរស់នៅក្នុងខ្ទមកំសត់តែម្នាក់ ខណៈដែលកូនប្រុសពីរនាក់បំបោះបង់លោកយាយចោល។ ហើយកាលពីថ្ងៃទី២១ ខែមករា កន្លងទៅថ្មីៗនេះ លោកយាយបានសុំអំពាវនាវដល់សប្បុរសជន ឲ្យជួយលោកយាយ ខណៈពេលដែលលោកយាយយកប្លង់ដីទៅបញ្ចាំគេចំនួន៥០ម៉ឺនរៀល យកលុយមកទិញថ្នាំព្យាបាលជំងឺ ប៉ុន្តែពេលអស់លុយទៅជំងឺនៅតែមិនជាសះស្បើយហើយម្យ៉ាងទៀតម្ចាស់បំណុលចេះតែរំអុកទារលុយធ្វើឲ្យលោកយាយខ្វល់ខ្វាយក្នុងចិត្តមិនដឹងជាទៅស្វែងរកថវិកាមកពីណាយកមកសងគេ ព្រោះគាត់កើតជំងឺខ្វិន។ អ្វីដែលស្តាប់ទៅគួរឲ្យរន្ធត់ថែមទៀត គឺលោកយាយចង់ហូបម្ហូបណាដែលឆ្ងាញ់ៗមុនពេលដែលលោកយាយលាចាកលោកនេះទៅ។
ការស្វែងរកជំនួយរបស់លោកយាយ គឺទទួលបានលទ្ធផលមែនគឺកាលពីថ្ងៃទី២៤ខែមករានេះភ្នាក់ងារកាសែតកម្ពុជាថ្មីបាននាំយកអំណោយពីសប្បុរសជននៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញទៅផ្តល់ដល់ដៃលោកយាយ ក្នុងនោះមានថវិកា៨០ម៉ឺនរៀល បង្កងស្ងោឆ្អិនចំនួន១គីឡូក្រាម បាយភ្លៅមាន់ និង មីថៃ៣កេស ព្រមទាំងភេសជ្ជៈជាច្រើនមុខទៀត ដើម្បីឲ្យលោកយាយបានស្គាល់រសជាតិម្ហូបឆ្ងាញ់។
ប៉ុន្តែសំណាងដ៏ល្អដែលមិននឹកស្មានដល់ គឺលោកយាយយុង មាស ហៅយុង សះ បានទទួលអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈលោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
អំណោយសម្តេចនាពេលនេះគឺរួមមានអង្ករ១០០គីឡូក្រាម មីយើង៥កេស ត្រីខ ៥យួរទឹកដោះគោខាប់១០កំប៉ុង ត្រីងៀត១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង១ ភួយ១ ក្រមា១សារុង១ និង ថវិកាមួយចំនួនថែមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments