Ad Code

ល្បួង​អ្នក​រត់ម៉ូតូឌុប​ មក​ដេក​ផ្ទះសំណាក់​ រួច​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​



​ភ្នំពេញ ៖ បុរស​ ជា​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ ត្រូវ​ឃាតក​ល្បួង​ចូល​ដេក​ក្នុងផ្ទះ​សំណាក់ ​រួច​ចាក់​សម្លាប់​ហើយ​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់​។​ ករណី​ប្លន់​សម្លាប់​នេះ​ បាន​កើតឡើង​នៅក្នុង​បន្ទប់​លេខ​៣​ ផ្ទះសំណាក់​យីហោ ច​ន្ធូ​ត្រជាក់ចិត្ត ស្ថិត​ផ្ទះ​លេខ​២១៥ ​ភូមិ​ឫស្សី​ទី​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ ​ឈ្មោះ យ៉ាន់ ជឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រៃ​សំបួរ ឃុំ/ស្រុក​អង្គរបុរី ខេត្ត​តាកែវ មុខរបរ​រត់​ម៉ូតូឌុប។​ រីឯ​សម្ភារៈ​បាត់បង់​រួមមាន ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ លេខ​តួ​+​លេខ​ម៉ាស៊ីន 9457330 ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 9986។ ចំណែក​​វត្ថុតាង​ដែល​បន្សល់​នៅ​កន្លែងកើតហេតុ មាន​កូនកាំបិត​ចិត​បន្លែ​ដង​ឈើ​ចំនួន​០១​ដើម​, កាត​គ្រី​ម៉ូតូ​ចំនួន​០២​សន្លឹក​, ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ​៖ ម៉ាក​ខេ​ម​ហ្វូ​ន ពណ៌​ខ្មៅ មាន​ស៊ីម​កាត​លេខ 096 7963211 , 088 6568373 ចំនួន​០១​គ្រឿង , ម៉ាក​ណូគា ពណ៌​ខ្មៅ គ្មាន​ស៊ីម​កាត ចំនួន​០១​គ្រឿង និង សម្ភារៈ​មួយចំនួនទៀត។​

តាម​ការបំភ្លឺ​របស់ ​ឈ្មោះ វង្ស ទេពធីតា និង ឈ្មោះ សេក សាវ៉ាត (​ជា​ម្ចាស់​ផ្ទះសំណាក់​យី​ហោច​ន្ធូ​ត្រជាក់​ចិត្ត ) បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី មាន​មនុស្ស​ប្រុស​០២​នាក់ ​មិន​ស្គាល់​ឈ្មោះ អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ លេខ​តួ​+​លេខ​ម៉ាស៊ីន 9457330 ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 9986 ចូលមក​ជួល​បន្ទប់​លេខ​០៣​របស់​ផ្ទះសំណាក់​ច​ន្ធូ​ត្រជាក់​ចិត្ត (​ចំណុចកើតហេតុ​) ដើម្បី​សម្រាក​រយៈពេល​០៣​ម៉ោង ក្នុង​តម្លៃ​ចំនួន​១០.០០០​រៀល។ លុះ​មកដល់​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ដដែល ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ម្នាក់​ ក្នុងចំណោម​០២​នាក់ ​ដែល​ជួល​បន្ទប់​លេខ​៣ (​មាន​ភិនភាគ​អាយុ​ជាង​២០​ឆ្នាំ សម្បុរ​ស្រអែម ពាក់​អាវដៃវែង ​ពណ៌​ប្រផេះ ស្លៀក​ខោ​ខោវប៊យ​ជើងវែង ​ពណ៌ទឹកប៊ិច​) បាន​ចុះមក​យក​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 9986 ជិះ​ចេញទៅ​ក្រៅ​ ដោយ​ប្រាប់ថា​ទៅ​យក​ស្រី​មក​ដេក ហើយ​មនុស្ស​ប្រុស​នោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​រហូត​មិនឃើញ​ត្រឡប់មកវិញ​ទេ ដោយមាន​ការសង្ស័យ​ ម្ចាស់ផ្ទះ​សំណាក់ ​ឈ្មោះ សេក សាវ៉ាត បាន​ឡើង​ទៅ​មើល​បន្ទប់​០៣​នោះ ​តែ​ទ្វារ​បន្ទប់​បាន​ជាប់​សោ ហើយ​ស្រែកហៅ​គ្មាន​មនុស្ស​ឆ្លើយ ក៏បាន​យក​សោ​ទ្វារ​បន្ទប់​មួយ​ទៀត​ទៅ​ចាក់​ចូល​មើលឃើញ​ជនរងគ្រោះ​ម្នាក់​(​ដែល​មក​ជាមួយគ្នា​នោះ​) បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ ដោយមាន​ស្នាម​ឈាម​ប្រឡាក់​ពេញ​ខ្លួន ក៏បាន​រាយការណ៍​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​ទី​៣​ឲ្យ​បានដឹង។ បន្ទាប់មក​ កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជ​ធានី​ភ្នំពេញ ចុះមក​ធ្វើ​កោសល្យវិច័យ​លើក​សាកសព​ឃើញ​ថា​ សាកសព បាន​ស្លាប់​ដោយសារ​ចាក់​នឹង​កូនកាំបិត​ចិត​បន្លែ​ ត្រូវ​ចំ​ពោះ​ និង​ដើម​ទ្រូង​ចំនួន​១០​កន្លែង , ខ្នង​ចំនួន​០៧​កន្លែង ហើយ​នៅ​ក្បែរ​សាកសព​មាន​បន្សល់​វត្ថុតាង​មួយចំនួន​(​ដូចខាងលើ​)។ បន្ទាប់មក​ ស្រាប់តែ​មាន ឈ្មោះ ជា ទិ​ត្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បានមក​ពិនិត្យមើល​សាកសព​រួច​បញ្ជាក់ប្រាប់​ថា សាកសព​ត្រូវជា​ឪពុក​បង្កើត​ ដែល​មាន​ឈ្មោះ យ៉ាន់ ជឿន អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ ព្រៃ​សំបួរ ឃុំ/ស្រុក អង្គរបុរី ខេត្ត​កែវ។​

ចំពោះ​សាកសព​ជនរងគ្រោះ ​ឈ្មោះ យ៉ាន់ ជឿន បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​គេហដ្ឋាន ​នៃ​សព នៅ​ភូមិ ព្រៃ​សំបួរ ឃុំ​/ស្រុក អង្គរបុរី ខេត្ត​កែវ​។ ​

ករណី​ឃាតកម្ម​នេះ ​សមត្ថកិច្ច​កំពុង​ស្វែងរក​ភស្តុតាង​ និង​សាក្សី​ ហើយ​កំហុស​ធ្ងន់ធ្ងរ​នោះ ​គឺ​ម្ចាស់​ផ្ទះសំណាក់​មិន​ដកយក​អត្តសញ្ញាណប័ណ្ណ​អ្នក​មក​ជួល​ស្នាក់នៅ​។​ លុះដល់​ពេល​មាន​ហេតុការណ៍​បែបនេះ​ ទើប​ដឹង​ថា​ខ្លួន​មានការ​ធ្វេសប្រហែស​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu