Ad Code

សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី​ ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ចែក​ជូន​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ មាន​ជីវភាព​ខ្វះខាត​​២០០​គ្រួសារ នៅ​ស្រុក​អូរ​ជុំ​



រតនគិរី​ ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ លោក ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ និង​ជា​អភិបាល​ខេត្ត​រតនគិរី​ បាន​ដឹកនាំ​សមាជិក​សមាជិកា​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​ ព្រម​ទាំង​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន​អញ្ជើញ​ចុះសួរសុខទុក្ខ​ និង​នាំ​យក អំណោយ​មនុស្សធម៌​រប​ស់​សាខា​កាកបាទក្រហម​ខេត្ត​ ​​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​មាន​ជីវភាព​ខ្វះខាត​២០០​គ្រួសារ​ មកពី​បណ្តា​ឃុំ​នានា ​ក្នុងស្រុក​អូរ​ជុំ​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ​ លោក ថង សាវុន បាន​ពាំនាំ​មក​នូវ បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​ទាំង​ទ្វេ​ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា​។

​លោក​ក៏បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កាកបាទក្រហម​កម្ពុជា​ ដែល​ជា​សេនាធិការ​រាជរដ្ឋាភិបាល​លើ​កិច្ចការ​មនុស្សធម៌​ក្នុងការ​កៀរគរ​ថវិកា​ពី​សប្បុរសជន​នានា ​ដើម្បី​ទ្រទ្រង់​កាកបាទ​ក្រហម​ មានលទ្ធភាព​បំពេញ​បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​ ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង​៧​ជាពិសេស​អំណោយ​របស់​កាកបាទ ​គឺ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ​ ពោលគឺ​ទីណា​មានទុក្ខ​លំបាក ​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ចុះ​ជួយ​ជានិច្ច​។​

​លោក​អភិបាលខេត្ត ​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ឲ្យ​បាន​ល្អ​ ពីព្រោះ​រដូវ​នេះ ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ​និង​ត្រូវមាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ បរិភោគ​អាហារ​ដែល​មាន​ជីជាតិ ផឹកទឹក​ឆ្អិន​ដែល​ដាំ​ពុះ ដោយ​ប្រកាន់ខ្ជាប់ នូវ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត គេង​ក្នុង​មុង​ជានិច្ច ការពារ​កុំ​ឲ្យ​មូស​ខាំ ជៀសវាង​កើត​ជំងឺគ្រុនចាញ់​-​និង​ជំងឺឆ្លង​ផ្សេងៗ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។ ត្រូវ​ខិតខំ​ប្រកប​របរ​បង្កបង្កើនផល ដើម្បី​ស្ដារ​សេដ្ឋកិច្ច គ្រួសារ និង​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​អគ្គិភ័យ​ដែល​ងាយ​បានកើត​ឡើងជា​យថាហេតុ​នា​រដូវ​ប្រាំង​នេះ​។​

​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​២០០​គ្រួសារ ​ដោយ​១​គ្រួសារ ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​ មី​១​កេះ ត្រីខ​១០​កំប៉ុង​ អំបិល​១​គីឡូក្រាម ប៊ីចេង​កន្លះ​គីឡូក្រាម​ មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១​ និង​ម៉ុង​សុវត្ថិភាព​១​ឃី​ត​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu